កម្ពុជាចូលរួមធ្វើបទបង្ហាញស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅកម្ពុជាក្នុងសន្និសីទថ្នាក់តំបន់លើកទី១០ នៅសាធារណរដ្ឋកូរ៉េ
សាធារណរដ្ឋកូរ៉េ៖ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UN DESA) បានសហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសន្និសីទថ្នាក់តំបន់លើកទី១០ ក្រោមប្រធានបទ «អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិវត្តកម្មបញ្ញាសិប្បនិម្មិត៖ ការពង្រឹងស្ថាប័នសាធារណៈឡើងវិញ តាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនសកម្មភាពឆ្ពោះទៅរករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងតំណាងស្ថាប័នស្រាវជ្រាវសរុប ១៧៤រូប មកពី ២៥ប្រទេស នៅមជ្ឈមណ្ឌល Songdo Convensia ទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ។
សន្និសីទនេះ មានគោលបំណងពង្រឹងស្ថាប័នសាធារណៈ តាមរយៈកិច្ចសន្ទនាគោលនយោបាយ ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍសមត្ថភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្វែងយល់ពីរបៀបដែលបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ អាចជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងនោះ កិច្ចពិភាក្សារួមមាន៖
– អភិបាលកិច្ចបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មស្ថាប័នសាធារណៈ
– ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងភាពត្រៀមខ្លួនរបស់ស្ថាប័ន
– គណនេយ្យភាព និងការត្រួតពិនិត្យដោយមនុស្សលើប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលអាចធ្វើសកម្មភាពដោយស្វ័យភាព
– ការស្វែងយល់អំពីបច្ចេកវិទ្យាកង់ទិច
– ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង
– អភិបាលកិច្ចទិន្នន័យ សមត្ថភាពស្ថាប័ន និងការកាត់បន្ថយគម្លាតនៃការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត៕




ដោយ៖ ង៉ាន់ ទិត្យ