ទឹកនោមផ្អែមនៅកម្ពុជា ៖ ស្លាប់មួយឆ្នាំ ៥ ០០០នាក់ អ្នកកើតសរុបជាង ៧២ម៉ឺននាក់ ​

ជំងឺទឹកនោមផ្អែមកំពុងក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភមួយនៅកម្ពុជា ដោយចំនួនអ្នកកើតជំងឺនេះមានការកើនឡើងជាលំដាប់ ជាពិសេសក្នុងចំណោមមនុស្សពេញវ័យ ដែលជាកម្លាំងចលករសេដ្ឋកិច្ចជាតិ។
 
បច្ចុប្បន្ន ប្រជាជនកម្ពុជា ដែលមានវ័យជំទង់ និងមនុស្សពេញវ័យជាង ៧២ម៉ឺននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ហើយបើតាមការព្យាករ ចំនួននេះអាចកើនដល់ ១លាន ២សែននាក់នៅឆ្នាំ២០៥០។
 
តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសិក្ខាសាលាស្តីពី «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ឯកឧត្តម​រដ្ឋមន្រ្តីបានឱ្យដឹងថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមក្នុងចំណោមប្រជាជន ដែលមានអាយុចន្លោះពី ២០ ដល់ ៧៩ឆ្នាំ បានកើនឡើងពី ៥,២% ក្នុងឆ្នាំ២០១០ រហូតដល់ ៧,៥% ក្នុងឆ្នាំ២០២៤។
 
ក្នុងចំណោមជំងឺមិនឆ្លងសំខាន់ៗ ចំនួន៥ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលមានការកើនឡើងខ្លាំងបំផុតនាពេលថ្មីៗនេះ ហើយបង្កឱ្យមានមរណភាពប្រមាណ ៥ ពាន់នាក់ ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រា ៦,៣% នៃចំនួនស្លាប់សរុប។ យោងតាមការកត់ត្រាពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ពលរដ្ឋកម្ពុជាជិត ៣០ម៉ឺននាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺទឹកនោមផ្អែម ដែលជាចំនួនកើនឡើងប្រមាណ ២៦%។​
 
ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា បានពន្យល់ថា របៀបរបបរស់នៅរបស់ប្រជាពលរដ្ឋសម័យថ្មី ដូចជា ការទទួលទានអាហារមានជាតិផ្អែម ឬខ្លាញ់ខ្ពស់ កង្វះការធ្វើលំហាត់ប្រាណ និងការលើសទម្ងន់ គឺជាមូលហេតុចម្បង ដែលធ្វើឱ្យមនុស្សវ័យកណ្តាល និងវ័យក្មេងងាយប្រឈមនឹងជំងឺនេះ ។
 
នៅក្នុងឱកាសនោះផងដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម មិនមែនជាបញ្ហាសុខភាព ឬវេជ្ជសាស្ត្រតែមួយមុខនោះទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រោះផលប៉ះពាល់របស់វាអាចជះឥទ្ធិពលដល់គ្រួសារ សហគមន៍ ហិរញ្ញវត្ថុសាធារណៈ និងផលិតភាពជាតិ។
 
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម មិនមែនជាការទទួលខុសត្រូវរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីស្ថាប័នសាធារណៈ សហគមន៍ គ្រួសារ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
 
សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ទឹកនោមផ្អែម គឺជាជំងឺដែលអាចបង្ការបាន ហើយផលវិបាករបស់វា ក៏អាចពន្យារពេល ឬជៀសវាងបាន តាមរយៈការរកឃើញទាន់ពេលវេលា និងការថែទាំប្រកបដោយប្រសិទ្ធភាព៕


អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner