ថ្នាក់ដឹកនាំសភាកម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែប ដែលរួមចំណែកធានាស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់

ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងចិន បានយល់ស្របគ្នាថា ចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធានាដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិទៀតផង។ ការលើក ឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចប្រធានរដ្ឋសភា ឃួន សុដារី និងលោកជំទាវ ធៀ នីង អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ធៀ នីង (Tie Ning) បានលើកឡើងពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងឱកាសនោះ ភាគីចិនបានសន្យាបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនការនាំចូលកសិផលពីកម្ពុជា និងជំរុញអ្នកវិនិយោគចិនមកកម្ពុជាឱ្យកាន់តែច្រើន។

ចំពោះកិច្ចសហប្រតិបត្តិការរដ្ឋសភា និងរដ្ឋសភា ភាគីទាំងពីរប្តេជ្ញាអនុវត្តអនុស្សរណៈយោគយល់គ្នាឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ក្រុមមិត្តភាព សមាជិកសភាវ័យក្មេង ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេច​ប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញយ៉ាងមោះមុត ដើម្បី​កសាងទំនុកចិត្តដល់អ្នកវិនិយោគ និងទេសចរ ព្រមទាំងបានស្នើឱ្យមានការភ្ជាប់ព្រឹត្តិការណ៍ទេសចរណ៍ និងសិល្បៈរវាងប្រទេស​ទាំងពីរ​ផងដែរ។

ក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណមិត្តចិន ដែលជាដៃគូពាណិជ្ជកម្ម និងអ្នកផ្តល់ជំនួយធំបំផុតរបស់កម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ រហូតសម្រេចបាននូវ «កុងសង់ស៊ីស​ហ្វូសៀន» កាលពីខែធ្នូ ឆ្នាំ២០២៥ ខណៈកម្ពុជាប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ចំណែក លោកជំទាវ ធៀ នីង បានបញ្ជាក់ថា ភាគីចិននឹងបន្តប្រឹងប្រែងសម្របសម្រួល ដើម្បីឱ្យភាគីទាំងពីរកសាងទំនុកចិត្តឡើងវិញ ដំណើរការ​កិច្ចសន្ទនា និងឈានទៅដោះស្រាយបញ្ហាដោយសន្តិវិធីនាពេលឆាប់ៗខាងមុខ៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner