កម្ពុជា និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់ប្លាស្ទិក និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
កម្ពុជា និងជប៉ុន កំពុងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើការគ្រប់គ្រងសំណល់ប្លាស្ទិក ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តយន្តការឥណទានកាបូនរួម (JCM)។
ប្រទេសទាំងពីរបានបង្ហាញការប្តេជ្ញានេះ នៅក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយកម្ពុជាសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកាន់តែមានភាពជិតស្និទ្ធ ជាពិសេសលើវិស័យបរិស្ថាន។ កិច្ចសហប្រតិបត្តិការនេះ គឺផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រមូល និងគ្រប់គ្រងសំរាមនៅតាមមូលដ្ឋាន ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទប់ស្កាត់ការបំពុលទឹក និងលើកកម្ពស់អនាម័យបរិស្ថាន។
ក្រៅពីនេះ ប្រទេសទាំងពីរក៏បានសហការគ្នាក្នុងការអភិរក្សជីវៈចម្រុះ ជំរុញការវិនិយោគបៃតង និងចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។
ឯកអគ្គរាជទូត ISHIZUKI Hideo បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកបានបញ្ជាក់ជាថ្មី ពីជំហររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបានផ្លែផ្កាបន្ថែមទៀតនាពេលអនាគត៕