ធុរជនអន្តរជាតិ​ជាង១ពាន់នាក់ មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ធុរជនអន្តរជាតិ​ប្រមាណ ១ ២០០នាក់ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគម​អឺរ៉ុប បានជួបជុំគ្នានៅភ្នំពេញ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា តាមរយៈវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិ ឆ្នាំ២០២៦។
 
វេទិកានេះ រៀបចំឡើងនៅថ្ងៃទី២៧ វិច្ឆិកា ២០២៦ ដោយសមាគមសហព័ន្ធ​ជំរុញពាណិជ្ជ​កម្ម និងវិនិយោគជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គោលនយោបាយ​វិនិយោគ ការលើកកម្ពស់ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតឱកាស​ថ្មីៗ​សម្រាប់​ការវិនិយោគ និងពង្រីកអាជីវកម្ម។
 
សម្ដេចធិបតី មានប្រសាសន៍ថា វេទិកានេះនឹងក្លាយជាឱកាសជួបជុំស្វែងរកការវិនិយោគថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញបរិយាកាសវិនិយោគដែលបើកចំហ មានភាពទាក់ទាញ និងឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព។
 
ប្រមុខរដ្ឋាភិបាលកម្ពុជារំពឹងថា ការជួបជុំគ្នាពេលនេះនឹងចូលរួមចំណែកបង្កើតលទ្ធផលជាក់ស្តែង ដូចជាការជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ ការពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ព្រមទាំងការបង្កើតឱកាសអាជីវកម្ម និងកាលានុវត្តភាពរយៈពេលវែង សម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
សម្តេចធិបតី លើកឡើងថា បច្ចុប្បន្ន កិត្យានុភាព និងមោទនភាពជាតិកម្ពុជាកំពុងងើបឡើងវិញយ៉ាងរស់រវើក ស្របពេលសហគមន៍តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជា ដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។
 
ជាក់ស្ដែង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាផ្លូវការជាមួយសហគមន៍អន្តរជាតិនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិ។ កម្ពុជា នៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីក្រៅប្រទេស។
 
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងរយៈពេល ១០ខែឆ្នាំ២០២៦នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ៤១៥គម្រោង មានទំហំទុនវិនិយោគសរុបជាង ៦ពាន់លានដុល្លារ។
 
ដោយឡែក ស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅរយៈពេល១០ខែ ឆ្នាំ២០២៦នេះដែរ ការធ្វើពាណិជ្ជកម្មអន្តរជាតិសរុបកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦៣ពាន់លានដុល្លារ គឺកើនឡើងរហូតដល់ ២១ភាគរយ បើធៀបនឹងរយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ២០២៥៕

ខន ណារី AMS

ads banner