រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យចិន បើកថ្នាក់អនុបណ្ឌិតឯកទេសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ផ្តល់អាហារូបករណ៍រហូតដល់ ១០០%

វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី (JUFE) នៃប្រទេសចិន កំពុងបើកទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញធុរកិច្ចអន្តរជាតិ ឯកទេស «ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន» ដោយផ្ដល់ឱកាសឱ្យនិស្សិតសិក្សាទាំងនៅកម្ពុជា និងប្រទេសចិន ព្រមទាំងមានឱកាសទទួលបានអាហារូបករណ៍រហូតដល់ ១០០%។
 
កម្មវិធីសិក្សារយៈពេល ២ឆ្នាំនេះ តម្រូវឱ្យនិស្សិតសិក្សានៅរាជធានីភ្នំពេញ និងទីក្រុងណានឆាង ប្រទេសចិន រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្រោមការបង្ហាត់បង្រៀនជាភាសាចិនដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចិន និងប្រើប្រាស់ឯកសារជាភាសាចិន និងអង់គ្លេស។ ក្រៅពីទ្រឹស្ដី និស្សិតនឹងត្រូវចុះកម្មសិក្សាយ៉ាងតិច ២ខែ នៅតាមក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឬចិន ព្រមទាំងទទួលបានឱកាសពិសេសចុះកម្មសិក្សារយៈពេល ២សប្ដាហ៍ នៅទីក្រុងណានឆាង និងទីក្រុងធានជីង ដើម្បីអនុវត្តការងារផ្ទាល់ជាមួយអ្នកជំនាញមកពីក្រុមហ៊ុន Amazon និង Alibaba។
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តដល់និស្សិត និងយុវជនកម្ពុជា ឱ្យរួសរាន់ដាក់ពាក្យប្រកួតប្រជែងយកអាហារូបករណ៍នេះ ដ្បិតជាឱកាសដ៏ល្អក្នុងការពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងទទួលបានបទពិសោធន៍អន្តរជាតិ ជាពិសេសលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដែលកំពុងមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចឌីជីថល។ លោកបណ្ឌិតបានបញ្ជាក់ថា អាហារូបករណ៍នឹងផ្ដល់ជូននិស្សិតចំនួន ៣០% នៃចំនួននិស្សិតសរុបដែលចូលរៀន ដោយការជ្រើសរើសធ្វើឡើងតាមរយៈការសម្ភាស និងវាយតម្លៃសមត្ថភាពពីភាគីសាកលវិទ្យាល័យចិន។
 
សម្រាប់បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច គ្រប់គ្រងធុរកិច្ច គ្រប់គ្រងសហគ្រាស គណនេយ្យ និងហិរញ្ញវត្ថុ ឬពាណិជ្ជកម្មអន្តរជាតិ ដោយមានពិន្ទុមធ្យមភាគ (GPA) ចាប់ពី ៣.០ ឡើងទៅ និងមានចំណេះដឹងភាសាចិនកម្រិត HSK 4 ឬសញ្ញាបត្រសមមូល។ ការសម្រេចផ្ដល់អាហារូបករណ៍គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកម្មវិធីសិក្សានឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ៕



ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner