សហរដ្ឋអាម៉េរិកកំពុងពិចារណាលើផលប៉ះពាល់ ក្រោយសម្រេចចិត្តបិទព្រំដែនជាមួយម៉ិកស៊ិក
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បានលើកឡើងថា ក្រុមមន្រ្តីសហរដ្ឋអាម៉េរិកកំពុងស្វែងរកគ្រប់ជម្រើសទាំងអស់ ថាតើបិទច្រកចេញចូលពីប្រទេសម៉ិកស៊ិក ហើយអ្វីនឹងមានផលប៉ះពាល់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានក៏កំពុងសិក្សាពីផលប៉ះពាល់នៃការបិទច្រកចេញចូលកំពង់ផែផ្សេងៗផងដែរ។

សេតវិមានទំនងចង់បន្ធូរបន្ថយការគំរាមកំហែងរបស់ខ្លួន ក្នុងការបិទព្រំដែនខាងត្បូងរបស់សហរដ្ឋអាម៉េរិកជាមួយម៉ិកស៊ិក ដើម្បីបញ្ឈប់ការកើនឡើងនូវជនចំណាកស្រុកដែលគ្មានក្រដាសស្នាម ដែលព្យាយាមស្វះស្វែងសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាម៉េរិក។

សូមរំលឹកថា សភាពាណិជ្ជកម្មអាម៉េរិកបាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ទំនិញ និងសេវាកម្មដែលមានតម្លៃជិត១ពាន់៧រយលានដុល្លារហូរឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកជារៀងរាល់ថ្ងៃ ហើយកម្មករស្របច្បាប់ និស្សិត អ្នកទិញទំនិញ និងទេសចរជិត៥សែននាក់បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែរ៕ធ.ដ

