លោក ត្រាំ បញ្ជាក់ថា ខ្លួនបានជួយពង្រឹងអង្គការ NATO តាមរយៈការទទូចឱ្យក្រុមសម្ព័ន្ធមិត្តជួយបង្កើនការចំណាយខាងយោធា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានបញ្ជាក់ថា លោកបានជួយពង្រឹងអង្គការ NATO តាមរយៈការអំពាវនាវឱ្យបង្កើនការចំណាយខាងយោធាពីសំណាក់ក្រុមសម្ព័ន្ធមិត្ត ដែលលោកនិយាយថា ធ្លាប់តែកេងចំណេញពីការផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំនាសេតវិមាន ជាមួយអគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក នៅមុនការប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពនៅទីក្រុងវ៉ាស៊ីនតោនថា ការរីកចម្រើនគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងហើយអង្គការណាតូមានភាពរឹងមាំជាងមុន។ ជាមួយគ្នានេះ លោក ស្តូលធិនបឺក និង អតីតនាយករដ្ឋមន្ត្រីន័រវែសបានគាំទ្រលោក ត្រាំលើគោលដៅចំណាយនេះ និងបានគាំទ្រវិធីសាស្ត្រដ៏ស្រួចស្រាវរបស់លោក ត្រាំ តាមរយៈការជួយជំរុញដល់សមាជិកដទៃទៀតឱ្យជួយចំណាយខាងយោធា។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះដែរថា នៅចន្លោះឆ្នាំ២០១៦ និងចុងឆ្នាំក្រោយ សមាជិកណាតូចំនួន២៨ ក្រៅពីសហរដ្ឋអាម៉េរិក នឹងបង្កើនការចំណាយផ្នែកយោធាបន្ថែមទៀតចំនួន១០០ពាន់លានដុល្លារនៅឆ្នាំ២០២០ ឬច្រើនជាងនេះបន្តិចនៅឆ្នាំ២០២០ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner