សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដេញចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទដៃម៉ាកiPhone X ពីជនជាតិចិននៅម្តុំស្ពានតិចណូបានសម្រេច កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៧ នៅម្តុំអាហារបាត់ដំបង ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិចិន២នាក់កំពុងតែជិះម៉ូតូកង់បី ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុម្តុំស្ពានតិចណូ ជនរងគ្រោះយកទូរសព្ទដៃមកចុច ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក បានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរសព្ទដៃបានសម្រេចជិះរត់គេចខ្លួនបាត់។
ភ្លាមៗនោះដែរជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់១ បន្ទាប់មកខាងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវមើលតាមប្រពន្ធអ៊ីនធើណិត ក៏ឃើញសញ្ញាបញ្ជាក់ថា ជនសង្ស័យកំពុងតែនៅម្តុំផ្លូវសុខហុកក្នុងNetមួយកន្លែង។ ភ្លាមៗនោះដែលគ្រាន់តែសមត្ថកិច្ចចូលទៅ ជនសង្ស័យឈ្មោះ ញៀន ចាន់តារា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី១សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា កំពុងតែអង្គុយលេងក្នុងNetឃើញភ្លាម ក៏រត់ចេញក្រៅ សំដៅរត់ទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋនៅម្តុំនោះ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកទៅសួរនាំនៅប៉ុស្តិ៍អូរឬស្សី៤ដោយសួរនាំដឹងរឿងរួច ក៏បញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍ផ្សារដេប៉ូ៣វិញដើម្បីធ្វើតាមនិតិវិធី។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារដេប៉ូ៣ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ម.ន



