គ្រូបង្រៀនមានសារសំខាន់ណាស់ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា
«គ្រូបង្រៀនមានសារសំខាន់ណាស់ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា» នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ុក អ៊ឹមសារុំ អគ្គនាយករងអគ្គនាយកដ្ឋាន អប់រំនៃក្រសួងអប់រំយុវជន និងកីឡា ថ្លែងនៅក្នុងកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនកម្ពុជា-កូរ៉េ ក្រោមគោលការណ៍រៀបចំរបស់គម្រោង ផ្លាស់ប្តូរគ្រូបង្រៀន អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអប់រំសាកលនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ានណា។
ឯកឧត្តម ម៉ុក អ៊ឹមសារុំ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ MoEYS កម្ពុជា និងMOE កូរ៉េ នឹងបន្តធ្វើកម្មវិធីនេះនៅឆ្នាំ២០១៩។ ហេតុដូច្នេះគោលការណ៍នៃការរៀបចំនឹងខ្លឹមសារនេះ មានបញ្ជាក់ជូននៅក្នុងលក្ខណ្ឌផ្ទៀងផ្ទាត់ ដែលជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាព និងការអនុវត្តផ្សេងៗ។ ឯកឧត្តមបានបន្តទៀតថា កម្មវិធីនេះមានគោលបំណងផ្តល់បទពិសោធន៍ បែបស្ថាបនាដល់គ្រូបង្រៀនកូរ៉េ និងកម្ពុជា ឲ្យយល់ដឹងពីប្រព័ន្ធអប់រំគ្នាទៅវិញទៅមក ស្វែងយល់ពីវប្បធម៌គ្នាឲ្យបានស៊ីជម្រៅ កសាងសមត្ថភាពទំនាក់ទនងគ្នាបែបអន្តរវប្បធម៌ក្នុងការបង្រៀន ដោយសហការគ្នាជាម្ចាសផ្ទះ ចែករំលែកចំណេះដឹង និងជំនាញគរុកោសល្យ តាមរយៈដំណើរការបង្រៀន និងរៀន និងពង្រឹងបណ្តាញទំនាក់ទំនងគ្នាក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ។
កម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនកូរ៉េ-កម្ពុជា ត្រូវបានបង្កើតឡើងដើម្បីជ្រើសរើសគ្រូកូរ៉េចំនួន១៤រូប និងគ្រូកម្ពុជា១៦រូប និងបញ្ជូនពួកគាត់ឲ្យឆ្លាស់ប្រទេសគ្នាទៅវិញទៅមក តាមសាលារៀនក្នុងស្រុក ពី៣ខែទៅ៥ខែ ក្នុងឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ រយៈពេលនៃការរៀបចំកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀនកូរ៉េ-កម្ពុជា ឆ្នាំ២០១៩ មានគ្រូកូរ៉េនឹងស្នាក់នៅក្នុងប្រទេសកម្ពុជាប្រហែល៤ខែ ចាប់ពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០១៩ រាប់ទាំងការចូលរួមធ្វើការបណ្តុះបណ្តាលបង្កើនស្នដៃផងដែរ។ គ្រូកម្ពុជានឹងស្នាក់នៅក្នុងប្រទេសកូរ៉េប្រហែល៣ខែ
ចាប់ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០១៩ រាប់ទាំងការចូលរួមក្នុងការណ្តុះបណ្តាលបង្កើនស្នាដៃផងដែរ៕ម.ន




