លោកជំទាវម៉ែន សំអន៖ របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្ត្រី និងក្មេងស្រីទទួលបានលទ្ធផលល្អ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការការកិច្ច បានថ្លែងថា របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្ត្រី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ១១២នៅឆ្នាំ២០១៦ មកលេខ៩៣នៅឆ្នាំ ២០១៨ ។ 

នាឱកាសនោះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍លើកឡើងថា ក្នុងបរិការណ៍នេះ ក្រសួងកិច្ចការនារី បានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទាំងការបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី នៅក្នុងការអប់រំកម្រិតខ្ពស់ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់ស្ត្រី សហគ្រិនភាព ការលើកកម្ពស់តំណាងរបស់ស្ត្រី លើការធ្វើសេចក្តីសម្រេច និងបរិយាប័ន្ន ការលើកកម្ពស់សីលធម៌សង្គម សុខមាលភាព និងកិច្ចគាំពារសង្គម។

ជាមួយគ្នានេះលោកជំទាវម៉ែន សំអន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបង្កើតលិខិតបទដ្ឋានគោលនយោបាយ និងផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាព លើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាជាពហុវិស័យនៅតាមបណ្តាខេត្តនានា តាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្ត្រី និងក្មេង ស្រី ក្រីក្រ ដែលងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner