ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក មានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចចរចាគ្នាថែមទៀត
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តធ្វើកិច្ចចរចាស្វែងរកសន្តិភាព ក៏ដូចជាការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់របស់ខ្លួន លោក មូន ជែអ៊ីន បានអះអាងថា ទាំងកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង សុទ្ធតែមិនចង់វិលទៅរកស្ថានការណ៍កាលពីអតីតកាលវិញឡើយ បើទោះបីជាស្ថានភាពបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកខ្លាំង នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារតែការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងអំឡុងជំនួបកំពូលជាលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក នៅវៀតណាម។
ការកត់សម្គាល់បែបនេះរបស់លោក មូន ជែអ៊ីន ធ្វើឡើងស្របពេលដែលរូបលោកមានគម្រោងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ (ម៉ោងក្នុងតំបន់) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ៕ម.ន


