សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:២០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម  Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ដ៏កក់ ក្តៅជាទីបំផុត ដែលឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម  Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លង់ បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវ សេចក្តីសោមនស្ស រីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមមានសេចក្តី សង្ឃឹមយ៉ាងមុត មាំថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នឹងពូនជ្រុំទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរអ៊ីស្លង់-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តម Gunnar Snorri Gunnarsson  បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍របស់ប្រជាជនអ៊ីស្លង់ ហើយនាពេលអនាគត។ ឯកឧត្តមសង្ឃឹមថា នឹងមានអ្នកទេសចរអ៊ីស្លង់ មកកាន់ប្រទេសកម្ពុជាកាន់តែ ច្រើនថែមទៀត។ ប្រទេសអ៊ីស្លង់ គឺជាប្រទេសតូច ដែលមិនមានស្ថានតំណាង ប្រចាំប្រទេសច្រើនទេ។ ហេតុដូចនេះ ប្រទេសអ៊ីស្លង់មានសំណូមពរ អាចនឹងបង្កើតអគ្គកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បាននាំនូវព្រះរាជបណ្តាំ សួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋអ៊ីស្លង់។

សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញ ទៅមកលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការឈានឡើងកម្រិតថ្មី មួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។ សម្តេច បានថ្លែងអំណរគុណនូវពាក្យពេចន៍ដ៏មានតម្លៃរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត និងបានប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner