សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រេស៊ីល
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចូលជូនសារតាំង និងសម្តែង ការគួសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ លោកជំទាវ Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវបានចូលជូនសារតាំង និងសម្តែងការគួរសម។ លោកជំទាវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ពីព្រោះនេះ គឺជាលើកទី១ហើយ ដែលលោកជំទាវត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ី ជាពិសេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវមាន សេចក្តីសង្ឃឹមថា លោកជំទាវនឹងមានឱកាសស្វែងយល់បន្ថែមទៀតអំពីប្រទេសកម្ពុជា បើទោះបីជា ប្រទេសកម្ពុជានៅឆ្ងាយពីប្រទេសប្រេស៊ីលយ៉ាណាក៏ ដោយក៏ប្រទេសកម្ពុជាស្ថិតក្នុងដួងចិត្តរបស់ ប្រជាពលរដ្ឋប្រេស៊ីល។ លោកជំទាវ Ana Lucy Gentil Cabral Petersen បានសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជា ផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុត ដែលឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តែងតាំងលោកជំទាវ Ana Lucy Gentil Cabral Petersen ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
សម្តេច មានជំនឿជឿជាក់ថា ក្នុងឋានៈលោកជំទាវជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តី រីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ នឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈានឡើង កម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បាននាំនូវព្រះរាជ បណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម ប្រធានាធិបតី និងថ្នាក់ដឹកនាំ កំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ សម្តេច បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ ដ៏មានតម្លៃ របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមាន សុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕ធ.ដ