គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសូទ្រនិគម ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសូទ្រនិគម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ចំនួន១៤ គ្រួសារ (រលំផ្ទះ៤ គ្រួសារ និងប៉ះពាល់ធ្ងន់១០គ្រួសារ) មកពីឃុំខ្នារពោធិ៍ ១គ្រួសារ និងឃុំតាយ៉ែក ១៣គ្រួសារ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា  បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវ បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។ លោកជំទាវបន្តទៀតថា នេះជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និងសម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូននាពេលនោះ គ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និងថវិកា១៥ម៉ឺនរៀល និងគ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១០សន្លឹក  មី១កេស ត្រីខ១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀលផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner