អាជ្ញាធរខណ្ឌឫស្សីកែវ សហការនឹងរដ្ឋបាលព្រៃឈើ ចាប់រថយន្ដធុនធ្ងន់១គ្រឿងដឹកដំឡូងមី តែបង្កប់ឈើប្រណិតខាងក្រោម
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាភ្លាមៗឲ្យលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធនានា សហការជាមួយជុំនាញរដ្ឋបាលព្រៃឈើ ដើម្បីចុះបង្ក្រាបរថយន្តធុនធ្ងន់១គ្រឿងម៉ាក HYUNDIA ពាក់ផ្លាកលេខ តាកែវ 3A-3069 ដែលដឹកដំឡូងមីពីខាងលើ បែរជាខាងក្រោមលួចបង្កប់ឈើប្រណិត ស្ថិតនៅក្នុងដេប៉ូសិប្បកម្មកែច្នៃផលអនុផលឈើ តុ-ទូ គ្រែគ្រប់ប្រភេទមួយកន្លែង នៅផ្លូវលេខ៣០៧ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក។
លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ បានបញ្ជាក់ថា នៅកិច្ចសហការនេះ ក្រៅពីបង្ក្រាប និងឃាត់យករថយន្ដធុនធ្ងន់១គ្រឿងមករក្សាទុកនោះ រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចដកហូតឈើប្រណិតមួយចំនួន ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃ ដើម្បីបន្តអនុវត្តតាមនិតិវិធី។
បន្ថែមពីនេះ លោក ជា ពិសី បានបញ្ជាក់ថា ជាក់ស្ដែងផ្លូវបេតុង១ខ្សែ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាកនេះ ដាច់ខាតមិនអនុញាតឲ្យរថយន្ដធុនធ្ងន់បើកបរឆ្លងកាត់ឡើយ ព្រោះសាលារាជធានីភ្នំពេញ ទើបនឹងសាងសង់រួចរាល់ជាស្ថាពរ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងមានលក្ខណៈមិនទាន់គ្រប់អាយុកាលដែលអាចធ្វើចរាចរណ៍បាន៕ធ.ដ