គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅខណ្ឌចំការមន
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹង កាលពីវេលាម៉ោង៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅមុខវត្តទួលទំពូង ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពយុវជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយជនរងគ្រោះរបួសធ្ងន់២នាក់ទៀត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿង ម៉ាកស៊ុយស៊ុគី ឡេត ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1Q-2900 និងមួយគ្រឿងទៀតម៉ាក ហុងដាវ៉ែវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-2363 តែមិនថាខាងណាមកពីទិសណានោះទេ បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលស្លាប់នៅនឹងកន្លែង និងយុវជន២នាក់ទៀតបានរងរបួសធ្ងន់។ ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខទាំងស្រុងដូចគ្នា។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះរបួសធ្ងន់ទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។ បន្ទាប់មកក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការត្រួត្យពិនិត្យ វាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ។ ចំណែកសពយុវជនរងគ្រោះ ខាងសមត្ថកិច្ចជំនាញបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ