ប្រជាពលរដ្ឋ២០ គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
រតនគិរី៖ ប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីយប់ ថ្ងៃទី២៣ ខែ មីនាឆ្នាំ២០១៩ កន្លងទៅ បង្កឲ្យមានមហន្តរាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋដោយ ១គ្រួសារបានដួលរលំ ៨ខ្នងផ្ទះបានរងនូវការខូចខាតមធ្យម និង៩ ខ្នងផ្ទះទៀតរងនូវការខូចតិចតួចនោះបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។
ការចែកជូនអំណោយមនុស្សធម៌ ខាងលើនេះធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងវត្តមានពីសំណាក់អស់លោក លោក ស្រី ប្រធាន អនុប្រធានមន្ទរីរ ជុំវិញខេត្តអស់លោក លោកស្រី ជាអភិបាល អភិបាលរង
ស្រុក និងមន្ត្រីសំខាន់ៗមួយចំនួនទៀតផងដែរ។
ក្នុងដំណើរចុះសាកសួរសុខទុក្ខ និងចុះពិនិត្យផ្ទាល់ដល់ទីកន្លែងឯកឧត្តម ថង សាវុន បានអញ្ជើញជួបសំណេះសំណាល
និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន២០គ្រួសារ ដែលរស់នៅភូមិ១ និងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងនោះឯកឧត្តម
អភិបាលខេត្តបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់វណ្ណៈ ពណ៌ សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។
ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមពីការខូចខាត និងខាតបង់របស់ក្រុមគ្រួសារ បងប្អូនក៏ពិតមែន តែនេះក៏វាអាចជួយសម្រាលនូវទុក្ខលំបាកបងប្អូនបានមួយគ្រាផងដែរហើយវាក៏ជាការបង្ហាញពីការគិត
គូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសពីកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនយទុកចោលនរណាម្នាក់ឡើយ។
អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ គឺក្នុង១
គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ក្នុងនោះមានមុង១ ភួយ១ ក្រមា១ សារ៉ុង១ គ្រួសារ
រងរបួស១គ្រួសារថវិកា១៥ម៉ឺរៀល គ្រួសារបុីងដំបូលដួលរលំទាំងស្រុង ១គ្រួសារ និងវត្តលោកថវិកា២០ម៉ឺរៀល
គ្រួសារផ្ទះធ្លាក់ពីលើជើងតាង ៥គ្រួសារ ក្នុងមួយគ្រយសារ ១០ម៉ឺរៀល គ្រួសាររងរបួសស្រាល ១២គ្រួសារ ក្នុងមួយគ្រួសារ៥ម៉ឺរៀល ។
ដោយឡែកសមាគមនារីស្រុកកូនមុំ ក៏បានឧបត្ថម្ភបន្ថែមទាំង ២០គ្រួសារ ក្នុង១គ្រួសារ៤ម៉ឺរៀល។ លោក សេក ហៃអភិបាលស្រុក បានឧបត្ថម្ភ ថវិកា៣០ម៉ឺរៀល សម្រាប់ទិញស័ង្កសី ២០សន្លឹកលោក ទុន សុថារត័្ន អតីតប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រកេនព្រះសង្ឃ វត្តច្រប់ព្រីង ២០ដុល្លារ ជូនអ្នករងរបួសធ្ងន់២០ដុល្លារ មន្រ្តីរាជការជុំវិញស្រុក៣៦ម៉ឺនរៀលសម្រាប់ជៀវស័ង្កសីប្រកេនព្រះសង្ឃផងដែរ៕ធ.ដ
ដោយ គតិ យុត្ត