ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រយុទ្ធនាការដាំកូនឈើ ដើម្បីកម្ពុជា កាន់តែបៃតង និងស្រស់បំព្រង
ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែបៃតង និងស្រស់បំព្រង ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ ណាហ្គាវើលដ៍បេះដូងសប្បុរស ” បានបន្តការខិតខំប្រឹងប្រែង តាមរយៈចូលរួមជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រួ និងសិស្សានុសិស្ស ដើម្បីដាំកូនឈើកម្រប្រមាណ៤០០ ដើមនៅតាមសាលារៀន មួយចំនួន ក្នុងខេត្តកំពត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។
គំនិតផ្តួចផ្តើមដាំកូនឈើនេះ គឺជាកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍ បេះដូង សប្បុរស បន្ទាប់ពីសន្និសីទសារព័ត៌មាន “លើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ” ដែលបានធ្វើឡើងកាលពីខែធ្នូ ក្នុងឆ្នាំមុនដើម្បីជួយលើកកម្ពស់សម្រស់ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែស្អាត និងលើកកម្ពស់ការយល់ដឹងស្តីអំពីសារសំខាន់នៃបរិស្ថាន និងធម្មជាតិ ។
លោកស្រី ឆឹង ឆេង នាយកក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស បានមានប្រសាសន៍ថា “សកម្មភាពយកចិត្តទុកដាក់ទៅលើបរិស្ថានរបស់យើង គឺជាអ្វីដែលយើងផ្តោតជាពិសេស” ។ “ដើមឈើផ្តល់ ខ្យល់ បរិសុទ្ធ និងកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ដើមឈើធំដែលមានស្លឹកច្រើនមួយដើម អាចផលិតខ្យល់អុកស៊ីសែនគ្រប់គ្រាន់ក្នុងមួយឆ្នាំ សម្រាប់មនុស្ស១០ នាក់ដកដង្ហើម ខណៈវាអាចស្រូបយកឧស្ម័នពុលកាបូនិចបានរហូតដល់ ២១គីឡូក្រាម ។ ចំណែកម្លប់របស់វាក៏ជួយកាត់បន្ថយកម្តៅ នៅបរិវេណជុំវិញផងដែរដែល វាអាចកាត់បន្ថយ កម្តៅបានពីពីរទៅបីអង្សារ” ។
“ដូច្នេះ ការដាំកូនឈើថ្មី មានសារសំខាន់ណាស់ដែលយើងទាំងអស់គ្នាអាចធ្វើបាន ដើម្បីលើក កម្ពស់បរិស្ថាន និងសុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍របស់យើង។ ចាប់តាំងពីឆ្នាំ ២០១៤ មក ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣.៣០០ ដើមទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈការពន្យល់ណែនាំស្តីអំពីវិធីថែរក្សា និងអភិរក្សបរិស្ថានរបស់ ក្រសួងបរិស្ថាន សិស្សានុសិស្សទាំងអស់នឹងយល់កាន់តែច្បាស់អំពីតម្លៃនៃការអភិរក្សបរិស្ថាន ។ លោកស្រី នាយកក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានជំរុញអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយយើង និងធ្វើឲ្យកម្ពុជាកាន់តែបៃតង និងស្រស់បំព្រងជាងមុន!”។
លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានកោតសរសើរ ដល់កម្មវិធីនេះ និងលើកទឹកចិត្តឲ្យមានការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធម្មជាតិផងដែរ ។ “យើង ស្វាគមន៍គំនិតផ្តួចផ្តើមនេះក្នុងការជួយកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ដែលជា បញ្ហាដ៏ធំបំផុតមួយដែលពិភពលោកកំពុងប្រឈម និងព្រួយបារម្ភក្នុងពេលបច្ចុប្បន្ន។ ដើមឈើ ស្រូបយកឧស្ម័នពុលកាបូនិចពីក្នុងបរិយាកាស និងបញ្ចេញមកវិញនូវខ្យល់អុកស៊ីសែន ដូច្នេះដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា” ។
លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានមានប្រសាសន៍ថា “ការផ្តល់ម្លប់ធម្មជាតិនៅក្នុងទីធ្លាសាលារៀន គឺជាអ្វីដែលក្រសួងតែងតែ លើកទឹកចិត្តដើម្បីបង្កើតឲ្យមានបរិយាកាសសិក្សារៀនសូត្រប្រសើរជាងមុន” ។ លើសពីនេះ ឫសឈើស្រូបយកទឹក និងទប់ស្កាត់ការហូរច្រោះ នៃដីដែលជួយកាត់បន្ថយទឹក ជំនន់ដែលបណ្តាលឲ្យសាលារៀន ផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស” ។
“យើងគាំទ្រដល់គំនិតផ្តួចផ្តើមទាំងអស់ដែលជួយធ្វើឲ្យបរិស្ថាន នៅក្នុងសហគមន៍របស់យើងប្រសើរឡើង” ។
គួររំលឹកថា កម្មវិធីណាហ្គាវើលដ៍បេះដូងសប្បុរស ចាប់តាំងពីបង្កើតឡើង ក្នុងឆ្នាំ១៩៩៥ នឹងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន ។ ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ ដែលមានគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ លើកកម្ពស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២០០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ ៕ធ.ដ