តុលាការសម្រេចផ្ដន្ទាទោសលោក ថោង សារ៉ាត់ និងបក្ខពួក ដាក់គុកអស់មួយជីវិត ក្នុងករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយផ្ដន្ទាទោស លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។ ជនជាប់ចោទមានឈ្មោះ ទី១)ឈ្មោះ ថោង សារ៉ាត់ ជាមេក្លោង ទី២)ឈ្មោះ ស៊ាង វាសនា ទី៣)ឈ្មោះ មាស សម្បត្តិ ទី៤)ឈ្មោះ កុយ ចាន់ថុល និងទី៥)ឈ្មោះ ឈុំ ចិត្រា។
គួរម្លឹកថា ហេតុការណ៍បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលដែលលោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សម្រាប់ការប្រកាសសាលក្រមនេះ ក្រុមគ្រួសារសាច់ញាតិរបស់ក្រុមឧក្រិដ្ឋជនទាំង៥នាក់នេះ កំពុងតែធ្វើការតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយសារពួកគេមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការឡើយ៕ម.ន