និស្សិតស្រីម្នាក់ ត្រូវរថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 បុក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង(មានវីឌីអូ)
ភ្នំពេញ៖ និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ខ្វះតែ៤ខែទៀត ត្រូវបញ្ចប់បរិញ្ញាបត្រ ស្រាប់តែត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ទាំងវ័យក្មេង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣១៧ កែងនឹងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពយុវតីរងគ្រោះឈ្មោះ ឌុម រីដា អាយុ២៣ឆ្នាំ ជានិស្សិតសកលវិទ្យាល័យផារ៉ាហ្គន មានស្រុកកំណើតក្នុងភូមិកំពុងដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាននីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខកណ្តាល1J-5254 បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តបង្កម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ហើយបានបុកចំយុវតីខាងលើពេញទំហឹង ខ្ទាតបោកទៅនឹងរបងថ្មបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងហេតុបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក សហការជាមួយចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងប្រគល់សពយុវតីរងគ្រោះឲ្យក្រុមគ្រួសារ។ សមត្ថកិច្ច បានឲ្យដឹងថា នឹងធ្វើការស្រាវជ្រាវតាមរករថយន្តបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់៕ម.ន