ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្វែងរក ចំណុចរួមក្នុងការដាក់ចេញវិធានការទាក់ទង នឹងការឆ្លើយតបអំពីមេរោគអេដស៍ និងជំងឺអេដស៍
នៅសណ្ឋាគា កាំបូឌីយាណា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាស្វែងរកចំណុចរួម ក្នុងការដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបអំពីមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានជំរាបរំលឹកជូនអំពីសកម្មភាពការងារប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាលក្នុងបរិបទ ដែលថវិកាជំនួយថយចុះ ហើយដែលតម្រូវឲ្យរាជរដ្ឋាភិបាល ទទួលយកបន្ទុកអំរែកហិរញ្ញាវត្ថុកាន់តែធំឡើងៗ ជំនួសជំនួយពីហិរញ្ញវត្ថុពីខាងក្រៅប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ជូនអង្គប្រជុំ បើទោះជាអន្តរជាតិ អង្គការសហប្រជាជាតិ បានកោតសសើរ ព្រះរាជាណាចក្រកម្ពុជា ថាយើង បានធ្វើតេស្តស្រាវជ្រាវរកអ្នកបានឆ្លងរោគអេដស៍ បានផ្តល់ការព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ហើយការព្យាបាលទទួលបានលទ្ធផលល្អប្រសើរ ហើយ និងមានអត្រា គ្របដណ្តប់ខ្ពស់ជាងប្រទេសផ្សេងៗទៀតទូទាំងពិភពលោក ក៏កិច្ចការប្រយុទ្ធនឹងជំងឺអេដស៍ មិនមែនជាកិច្ចការ សាមញ្ញងាយស្រួល និងអាចបញ្ចប់បានតាមគោលដៅដែលបានគ្រោងទុកឡើយ។
ប្រសិនបើកិច្ចការងារសម្របសម្រួលពហុវិស័យ មិនទាន់អាចគាំទ្រឲ្យមានចរន្តជាតិមួយជាប្រចាំ និងយូអង្វែង ដែលជួយគាំទ្រ ជួយតម្រង់ទិស ជួយប្រជាពលរដ្ឋម្នាក់ៗ យុវជន ឲ្យមានចំណេះដឹង មានសមត្ថភាព មានលទ្ធភាព ក្នុងគ្រប់ការលទេសៈ ការពារខ្លួនឯង កុំឲ្យឆ្លងមេរោគអេដស៍ ឬចម្លងមេរោគអេដស៍ទៅក្រុមគ្រួសារ ឬអ្នកផ្សេងទៀត ស្របតាម ប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ចើញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងពីក្រសួងស្ថាប័ន ចូលរួមមតិពិភាក្សា និងសម្រេច កំណត់គោលដៅ សកម្មភាព និងយន្តការ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ ដើម្បីយើងបន្ត សម្របសម្រួលប្រយុទ្ធឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយមានការចូលរួម ជាដំណាក់ៗ តាមបរិបទជាក់ស្តែង ដោយយើងបែងចែកភារកិច្ចទទួលខុសត្រូវ ផ្តល់ការគាំទ្រជូនទៅផ្នែក ឬ វិស័យ ស្ថាប័ន ពាក់ព័ន្ធ ពហុវិស័យ នៅកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចដែល រាជរដ្ឋាភិបាលបានឯកភាព លើវិធានការឆ្លើយតបទៅ នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងសេចក្តីណែនាំលេខ២១៣ ស.ជ.ណ.ស.ស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩៕ធ.ដ