គណៈកម្មាធិការផលិតភាពកម្ពុជា ជួបពិភ្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីប្រឹក្សាយោបល់ស្តីពី “ផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជា”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈកម្មាធិការផលិតភាពកម្ពុជា អញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកដោយឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ។ ជំនួបនេះមានគោលបំណងប្រឹក្សាយោបល់ស្តីពី “ផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជា” មួយវិញទៀតគឺចង់ស្វែងយល់បន្ថែមពីឯកឧត្តមរដ្ឋមន្រ្តីអំពីទស្សនវិស័យចម្បងក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានជម្រាបជូនឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ ជ្រាបពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកម្ពុជាបានរំដោះខ្លួនចេញពីប្រទេសផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក តែបច្ចុប្បន្នកម្ពុជាផលិតស្បៀងលើសពីតម្រូវការក្នុងស្រុក ឈានទៅជាប្រទេសនាំស្បៀងចេញ ហើយកំពុងនឹងពង្រីងផលិតភាពផលិតកម្មរបស់ខ្លួនឲ្យកាន់តែមានសក្តានុពលក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុតំបន់ និងក្នុងពិភពលោក សមស្របតាមស្ថានភាពនយោបាយ កំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន។
ទទ្ទឹមនឹងសមិទ្ធផលដែលក្រសួងសម្រេចបានជាវិជ្ជមាន ក្រសួងក៏កំពុងជួបបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និងជាពិសេសការប្រកួតប្រជែងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងនៅទូទាំងពិភពលោក។ បញ្ហាប្រឈមទាំងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅខ្វះខាតខ្សែច្រវាក់ផលិតកម្ម ពីដើមទីដល់ចុងទី នៅមានកម្រិតការផ្គត់ផ្គង់ និងតម្លៃថាមពលអគ្គិសនីនៅមានកម្រិតខ្ពស់ ធនធានថវិកាគាំទ្រនៅមានការខ្វះខាត ប្រព័ន្ធស្រោចស្រពនៅមិនទាន់ឆ្លើយតប បានសមស្របតាមតម្រូវការរបស់ប្រជាកសិករ វិស័យកសិកម្មនៅប្រឈមមុខជាមួយបាតុភូតធម្មជាតិ (ទឹកជំនន់ រាំងស្ងួត ជំងឺ និងសត្វល្អិតចង្រៃ) ការប្រើប្រាស់ធាតុចូលកសិកម្មនៅមាន កម្រិតដែលប៉ះពាល់ដល់គុណភាពដី សមត្ថភាពមន្រ្តីជំនាញ ការងារស្រាវជ្រាវ និងមន្ទីរពិសោធន៍នៅមានកម្រិត ការផ្សព្វផ្សាយនិងការអនុវត្តបច្ចេកវិទ្យាទំនើបទាន់ម័យនៅមិនទាន់បានទូលំ ទូលាយ និងមានប្រសិទ្ធភាព។ បញ្ហាទាំងអស់នេះ គឺជាដើមហេតុ ឬជាឧបសគ្គដល់វិស័យឯកជនក្នុងការវិនិយោគធ្វើការកែច្នៃកសិផលដើម្បីនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនបន្តថា ក្រសួងបាននិងកំពុងខិតខំដោះស្រាយបញ្ហាទាំងនោះដោយឈរលើស្មារតីទទួលខុសត្រូវ និងទៅតាមអាទិភាព សមត្ថភាពជាបណ្តើរៗ តាមរយ:ការដាក់ចេញនូវយន្តការអនុវត្តរវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍ បង្កើនការងារផ្សព្វផ្សាយ និងការអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប ជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ និងមន្រ្តីជំនាញ ទាំងអស់នេះគឺបានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ -២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មនេះ សម្រេចទៅបានដោយជោគជ័យ លុះត្រាតែមានការចូលរួម សហការ និងគាំទ្រយ៉ាងពេញលេញពីគ្រប់ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ហើយឯកឧត្តមក៏បានឯកភាព ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយចំពោះលទ្ធផលដែលទទួលបាននាថ្ងៃនេះ ឯកឧត្តមនឹងរៀបចំរបាយការណ៍លម្អិតជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ៕ធ.ដ