រថយន្តបែនបុកម៉ូតូ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់បានបាត់បង់ជីវិត រីឯយុវតីម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីត្រូវរថយន្តបែនដឹកដីបើកមកកៀរ និងកិន ហើយរថយន្តបង្កបានបើកព្យាយាមរត់បានប្រហែលជាង២គីឡូម៉ែត្របានរ៉េចង្កូតក្រឡាប់ក្នុងប្រឡាយទឹកស្អុយ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៣ កែងនឹងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបីក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព)ឈ្មោះ ស៊ុ សុភាព ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិចាន់លួង ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ចំណែកយុវតីស្លាប់ម្នាក់ និងរងរបួសម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយវ័យពួកគេប្រហាក់ប្រហែលគ្នា។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិៈម៉ូតូ ឌុបស្រ្តី២នាក់ ម៉ាក Suzuki Lets ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HN-7435 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រទឹសដៅពីកើតទៅលិចយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកដី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រៃវែង3A.0048 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទឹសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ក៏បត់ទៅកើតយ៉ាងលឿនបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់យុវជនម្នាក់ និងយុវតីម្នាក់ និងយុវតីម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យផងដែរ។ ចំណែកឯរថយន្តបង្កក៏បន្ថែមល្បឿនទៅមុខ បាន២គីឡូម៉ែត្រ ក៏រ៉េចង្កូតមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ តែកុងក៏វ៉ាយកញ្ចក់ចេញមកក្រៅ និងគេចខ្លួនបាត់។

ក្រោយពីកើតហេតុសពជនរងគ្រោះ(ប្រុស)ត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយក ចំណែកសពយុវតីម្នាក់ទៀតយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់មកយក។  ដោយឡែកម៉ូតូ និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner