សម្តេចប្រធានរដ្ឋសភាជំរុញឱ្យអ្នកតំណាងរាស្ត្រយកចិត្តទុកដាក់ ចំពោះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ខណៈដែលកម្ពុជាត្រូវជួបប្រទះគ្រោះរាំងស្ងួត ដែលអាចនឹងអូសបន្លាយក្នុងរយៈពេលវែង ហើយជាបណ្តើរៗពលរដ្ឋនៅតាមតំបន់ខ្លះកំពុងខ្វះខាតទឹកប្រើប្រាស់ផងនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឱ្យអ្នកតំណាងរាស្ត្រនៅតាមមណ្ឌលនានាទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការដោះស្រាយទឹកប្រើប្រាស់ជូនពលរដ្ឋ ពិសេសទឹក ស្អាតសម្រាប់ទទួលទាន ព្រមទាំងបានអំពាវនាវផងដែរដល់ពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយ សន្សំសំចៃ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការគ្រោះអគ្គីភ័យនៅក្នុងរដូវក្តៅហួតហែងនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ថា ការខ្វះខាតទឹកប្រើ ប្រាស់របស់ពលរដ្ឋនៅតាមមូលដ្ឋានគឺជាក្តីកង្វល់រួម និងជាការត្រូវដោះស្រាយរួមរបស់រដ្ឋសភា រាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរទាំងឡាយផងដែរ។ ដូច្នេះហើយសម្តេចបានណែនាំឱ្យ អ្នកតំណាងរាស្ត្រនៅតាមមណ្ឌលនានា ជាពិសេសមណ្ឌលដែលមានពលរដ្ឋជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ឱ្យជួយដោះស្រាយបញ្ហានេះ ជូនពួកគាត់តាមគ្រប់មធ្យោបាយមាន ដូចជាការដឹកទឹក ពិសេសទឹកស្អាតសម្រាប់ទទួលទានទៅចែកជូនពលរដ្ឋជាដើម។
សម្តេច បានគូសបញ្ជាក់ថា ឆ្នាំ២០១៩នេះ គ្រោះរាំងស្ងួតអាចអូសបន្លាយរយៈពេលវែង អាកាសធាតុ ក្តៅស្ងួតហួតហែងខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាព ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ដែលអាចនឹងកើតឡើងជាយថាហេតុ ហើយត្រូវប្រើប្រាស់ ទឹកដោយការសន្សំសំចៃ តែរឿងសំខាន់ក្រុមអ្នកតំណាងរាស្ត្រនៅតាមមូលដ្ឋាន និងក្រុមការងារត្រូវចុះពិនិត្យជាប្រចាំ និងត្រូវធ្វើការដោះស្រាយបញ្ហាជូនពលរដ្ឋ។
សូមជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកមិញ បានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល ទី៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន៤ គឺ ១)អានព្រះរាជសារព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ លើកទី២ នីតិកាលទី៦ ២)របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋ សភាលើកទី១ និង លើកទី២ នីតិកាលទី៦ ៣)ការបោះឆ្នោតជ្រើសតាំងលោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ ២០១៩-២០២៨ និង របៀបវារៈ ទី៤ គឺការបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការ មហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈរបស់រដ្ឋសភា៕ធ.ដ