មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»
រតនគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរីបានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនាលើកទី២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពរបស់ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន មានប្រសាន៍ចាត់ទុកទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារសំខាន់ដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់រៀបចំឡើងធ្វើជារៀងរាល់ឆ្នាំ ស្របពេលដែលសមិទ្ធផលជាច្រើនៃវិស័យវប្បធម៌ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តរតនគិរិ។ ទន្ទឹមនឹងនោះចលនាសិល្បៈទស្សនីយភាពក៏នៅតែបន្តរីកចម្រើនជាលំដាប់ ទទួលបានលទ្ធផលល្អ និងជោគជ័យគួរឲ្យមោទនៈ តាមរយៈមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនៅឆ្នាំ២០១៨កន្លងទៅ ដោយក្រុមសិល្បៈយុវជនខេត្ត មានកិត្តិយសទទួលបានពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចំណាត់ថ្នាក់លើកទឹកចិត្តទូទាំងប្រទេស និងដោយឡែកឆ្នាំ២០១៩នេះ ក្រុមសិល្បៈសាលាមធ្យមសិក្សាខេត្តរតនគិរីបានចូលរួមមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៥ ទទួលបានលទ្ធផលល្អក្នុងការសម្តែងកើនឡើងជាងឆ្នាំកន្លងទៅ។
ឯកឧត្តមបានសម្តែងនូវមោទនភាពនូវការរីកចម្រើនវិស័យសិល្បៈវប្បធម៌ ដែលខេត្តរតនគិរីសម្រេចបាន និងបានចាត់ទុកប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវាដ៏មានសារសំខាន់នេះ ជាការរំលឹកគុណូបការៈ និងស្នាដៃដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូបែបសម្រាប់យើងទាំងអស់គ្នា ដែលជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើនក្តីស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារ លើកតម្កើងសម្បត្តិវប្បធម៌ទាំងនេះឲ្យឋិតថេរគង់វង្ស។ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី បានស្គាល់តម្លៃពិតនៃវប្បធម៌ជាតិកាន់តែច្បាស់ និងមានស្មារតីមុតមាំថែមទៀតក្នុងការរក្សាកេរដំណែល វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិយើង។
ថ្លែងក្នុងឱកាសនោះឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺក្នុងគោលបំណងសំខាន់ក្នុការបំផុសចលនាមហាជន និងប្រជាពលរដ្ឋទាំងអស់ ពិសេសយុវឱ្យចូលរួមគាំទ្ររួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀម ទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងដោយផ្ទាល់ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍នូវបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយនិរន្តរភាពស្របទៅ និងគោលដៅ« កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌»។
ឯកឧត្តម បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាយើងសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដែលមានទាំងរូបី និងអរូបី។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ដោយចាត់ ទុកវប្បធម៌ជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ហើយសម្បត្តិ បេតិកភណ្ឌវប្បធម៌មួយចំនួនត្រូវបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាបាន និងកំពុងតែល្បីរន្ទឺសុស
សាយ លើឆាកជាតិនិងអន្តរជាតិ។
ឯកឧត្តមបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្ដរជាតិ និងវិស័យឯកជននានា នៅក្នុងខេត្តរតនគិរីទាំងមូល មេត្តារួមគ្នាជំរុញលើក ទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន មានការចូលរួមចេះស្រឡាញ់សិល្បៈវប្បធម៌ជាតិ ខ្លួន និងសុំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នេះជាទិវានៃការរម្លឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរ គ្រប់ជំនាន់ ហើយទិវានេះ នឹងស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនយើង គ្រប់វ័យនិងគ្រប់រូប ប្រកបដោយស្មារតីស្នេហាជាតិ រួមគ្នារក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍។ គួរបញ្ជាក់ថា ក្នុងទិវានេះក៏មានការសម្តែងសិល្បៈបែបទម្រង់សិល្បៈខ្មែរ និងបែបទម្រង់សិល្បៈជនជាតិដើមភាគតិចផងដែរ៕ធ.ដ
ដោយៈ គតិ យុត្ត