បង្ក្រាបបានចោរលួចរថយន្ដ និងអ្នកផ្សំគំនិត២នាក់ នៅសង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមចោរលួចរថយន្ដឡិចស៊ីស៤៧០ បានសម្រេច១គ្រឿង ហើយរត់គេចខ្លួនបាត់រយៈពេល២ថ្ងៃមកហើយ បែរជាមកជាប់ខ្នោះរបស់កម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចម្រេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ ទាំងអ្នកផ្សំគំនិតបានចំនួន២នាក់។ អធិការនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ គល់ យី បានបញ្ជាក់ថា ការតាមស្រាវជ្រាវបង្ក្រាបក្រុមចោរលួចរថយន្ដទាំង២នាក់នេះ បានធ្វើឡើងស្ថិតនៅចំណុចឃ្លាំងមួយកន្លែងលេខ៩៣ តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៣៖០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

លោកបានបញ្ជាក់ទៀតថា មុនឈានដល់បើកការស៊ើបអង្កេតតាមបង្ក្រាបពួកចោរលួចរថយន្ដទាំង២នាក់នេះ គឺបានអនុវត្តវិធានការឡើង ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ចាស់រថយន្ដម៉ាក ឡិចស៊ីស៤៧០ មួយគ្រឿង ពណ៌ស្ករ ផលិតឆ្នាំ១០៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4876 ដែលមានឈ្មោះ ខាត់ រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ គឺជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ស៊ឹម សុខមាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ2V4V ផ្លូវបេតុង ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ ជាអ្នកផ្សំគំនិត។

លោកអធិការបានឲ្យដឹងថា នៅកិច្ចប្រតិបត្តិការតាមបង្ក្រាបចោរលួចរថយន្ដ និងអ្នកផ្សំគំនិតទាំង២នាក់នេះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងខណ្ឌ បានរកឃើញវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ដើម្បីដកហូតរួមមាន៖ រថយន្ត១គ្រឿម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ ផលិតឆ្នាំ១០៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4876 បានប្រគល់ជូនជនរងគ្រោះជាបណ្តោះអាសន្ន និងអាវុធខ្លី១ដើមប្រើហ្គាសបាញ់គ្រាប់កាំកង់លេខ១៨C និងកូនសោរថយន្តចំនួន២ទៀត។ បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងឃុំខ្លួនសាកសួរស្រាវជ្រាវបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner