ឃាត់ខ្លួនជនដៃដល់៤នាក់ ដែលវាយបុរសម្នាក់សង្ស័យជាចោរស្លាប់ពេលកន្លងទៅ និងដកហូតបានថ្នាំញៀនចំនួន៤៥កញ្ចប់ធំតូច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌចាក់អង្រែលើសហការនឹងព្រហ្មទណ្ឌខណ្ឌមានជ័យចាប់ឃាត់ខ្លួន ក្រោមពីបទសង្ស័យហិង្សាបណ្តាលឲ្យមនុស្សស្លាប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងកាលព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ថាជនដៃដល់ក្នុងករណីហិង្សានៅម្តុំច្រមុះជ្រូកក្បាលថ្នល់កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៤នាក់ហើយ ក្នុងនោះមានជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀន និងដកហូតបានគ្រឿងញៀន៤៥កញ្ចប់តូចធំផងដែរ។

លោកអធិការបានបន្តថា ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព្រួតវាយបណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនោះ មិនមែនជាចោរទេ។ ជាករណីទំនាស់គ្នា ហើយបានព្យាយាមរត់ក៏ត្រូវ បានស្រែកថាចោរៗ ពលរដ្ឋឮដូច្នោះក៏នាំគ្នាចាប់ និងវាយបណ្តាលឲ្យស្លាប់។ គួររំលឹកថា ជនសង្ស័យបានធ្វើសកម្មភាពចូលលួចកាបូបរបស់នារីម្នាក់នៅក្នុងផ្ទះមួយកន្លែង តែត្រូវនាងស្រែកឆោឡោដណ្ដើមកាបូបបានវិញ ហើយជនសង្ស័យរត់ឡើងកង់បីឥណ្ឌា បើកដល់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវប៉ូលិសចរាចរណ៍ចាប់បាន  តែតដៃជាមួយសមត្ថកិច្ចទើបអ្នកដំណើរ ឆ្លងកាត់នោះ ព្រួតគ្នាវាយរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដឹក ជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ចុងក្រោយសង្គ្រោះមិនបាន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៖១០នាទីរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ជិតសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងក្តី ប្រភពពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបនាងបានអង្គុយក្នុងផ្ទះស្រាប់តែមានជនសង្ស័យចូលលួចកាបូប នាងឃើញទាន់ក៏ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ នាំគ្នាជួយដេញតាមចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ចំណុចគោលដៅប៉ូលិសចរាចរណ៍ ច្រមុះជ្រូកក្បាលថ្នល់  ទើបមានប៉ូលិសចរាចរណ៍ជួយចាប់បាន តែដោយសារឃើញជនសង្ស័យបានតដៃជាមួយប៉ូលិសចរាចរណ៍នោះទើបប្រជាពលរដ្ឋ និងអ្នកដំណើរ ឆ្លងកាត់នោះ នាំគ្នាចុះមកវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ក្រោយមកក៏លើកជនសង្ស័យ ដាក់រ៉ឺម៉កកង់បី រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ តែមិនទាន់ដឹងថា ស្លាប់ឬយ៉ាងណានោះទេ។ បន្ទាប់មក សមត្ថកិច្ច ក៏បាននាំនាង និងសាក្សីមកបំភ្លឺនៅស្នាក់ការប៉ុស្តិ៍តែម្ដង។ យ៉ាងណាក៏ដោយបញ្ហានេះ នៅតែមានមន្ទិលសង្ស័យដោយភាគីសមត្ថកិច្ចប្រាប់ថា ជាករណីហិង្សាដោយចេតនា មិនមែនជាករណីចោរលួចនោះទេ។

លោកអធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ គឺទី១)ឈ្មោះ វ៉ាត វិឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ទី២)ឈ្មោះ ធី ភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ ទី៣)ឈ្មោះ សេង សុខធី ហៅអាយួន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម (ឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន ដកហូតបានក្រាមពណ៌សថ្លាចំនួន៤៥កញ្ចប់ធំនិងតូច) និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ ឌុច វ៉ាត ហៅម៉ៅ ភេទ ប្រុស អាយុ ៥៩ឆ្នាំ (អ្នកទាំង៤ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ)។ ចំណែកជនរងគ្រោះដែលត្រូវវាយស្លាប់នោះមានឈ្មោះ ហ៊ុន សំអុល ហៅឡឹង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ក្នុងនោះមាន៣នាក់ ពាក់ព័ន្ធនឹងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ» និងម្នាក់ទៀត ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដកហូតបាន៤៥កញ្ចប់ធំ និងតូច ត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner