ឆេះកាប៊ីនភ្លើង បង្កការភ្ញាក់ផ្អើលនៅខណ្ឌចំការមន
ភ្នំពេញ៖ ករណីទុស្សេខ្សែភ្លើងនៅកាប៊ីនភ្លើងមួយកន្លែងត្រង់ចំណុចស្តុបភ្លើង អ ក ប.តលេខ៤២០ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ កាលវេលាម៉ោង០៤ និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមុខផ្ទះលេខ៦២Bស្ទួន តាមផ្លូវ៤០៤ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញទុស្សេខ្សែភ្លើងក្នុងកាប៊ីនស្តុបភ្លើងត្រង់ចំណុចទីតាំងខាងលើ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតតហេតុ បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យ ដើម្បីការពារខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដោយសារកាប៊ីនភ្លើងនៅមុខផ្ទះប្រជាពលរដ្ឋតែម្ដង។
សមត្ថកិច្ចបានឲ្យថា រថយន្តពន្លត់អគ្គិភ័យបានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ តែដោយកាប៊ីនជាប់សោមិនអាចបាញ់ចំកន្លែងឆេះ ហេតុនេះក៏ប្រើបំពង់ពន្លត់អគ្គីភ័យជិត១០បំពង់បាញ់ពន្លត់ ទើបភ្លើងវារលត់ទៅវិញជាស្ថាពរ ហើយក៏ទុកឲ្យខាងផ្នែកជំនាញអគ្គិសនីតបណ្ដាញខ្សែភ្លើងឡើងវិញ ដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ៕ធ.ដ