ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមនឹងម៉ូតូមួយគ្រឿងធ្លាប់ជិះធ្វើសកម្មភាពឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ ប្រដេញចាប់បាន កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅស្តុបកោសដូង ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះជុំ ស៊ីដែន ហៅអាកណ្តៀវ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបន្តទៀតថា មុននឹងធ្វើដេញចាប់ខ្លួនសង្ស័យខាងលើនេះកម្លាំងកំពុងជិះល្បាតនៅតាមបណ្តោយផ្លូវ១៨២ស្តុបទេពផន ពេលនោះក៏ឃើញជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO-5846 ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ធ្វើដំណើរទិសដៅពីលិចទៅកើត ភ្លាមនោះកម្លាំងបានហៅឲ្យឈប់តែជនសង្ស័យមិនឈប់បានជិះម៉ូតូរត់គេចខ្លួនមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។
បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង បានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងបន្ត។ បន្ទាប់ពីបានសួរនាំរួចហើយ ជនសង្ស័យបានសារភាពថាធ្លាប់ធ្វើសកម្មភាពប្លន់មួយលើកកាលពីថ្ងៃទី១ ខែ៣ ឆ្នាំ២០១៨ នៅចំណុចកែងនឹងផ្លូវ១០៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ហើយក៏ជាប់គុគម្តងរួចមកហើយដែរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕ធ.ដ