គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្ស៊ី

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តមសេនីយ៍ អូឡែក សាលយូកូ (OLEG SALYUKOV) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី នៅក្រសួងការពារជាតិរុស្សី នៃរដ្ឋធានីម៉ូស្គូ។

នៅក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានពិភាក្សាការងារ ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ព សហព័ន្ធរុស្ស៊ីបានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅទីក្រុងមូស្គូ។ លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ កងទ័ពជើងគោកសហព័ន្ធរុស្ស៊ី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហ ព័ន្ធរុស្ស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-រុស្សី។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលរុស្ស៊ីដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជាជាយូរណាស់មកហើយ។ ក្នុងថ្ងៃដដែល ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ជូនចំពោះវីរជននៃសហព័ន្ធរុស្ស៊ីនៅទីលានក្រហមផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner