ប្រធានក្រុមការងារជួយស្រុកតំបែរ ក្រើនរំលឹកដល់មន្រ្តី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះមកបម្រើពលរដ្ឋដោយស្មោះត្រង់ ពេញលេញ សកម្មទាន់ពេលវេលា មានការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ជាងមុន
ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងបរិវេណវត្តសិរីពោធិព្រឹក្ស ហៅវត្តសំរោង ស្ថិតក្នុងភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាលជាមួយព្រះសង្ឃ បងប្អូនពុទ្ធិបរិស័ទចំណុះជើងវត្ត សមាជិកក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាយរិទ្ធ
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ មានមតិស្វាគមន៍ និងរាយការណ៍ជូនពីស្ថានភាពទូទៅ ការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងដំណើរការកសាងកុដិ១ខ្នង ដោយមានការជួយឧបត្ថម្ភ គាំទ្រថវិកាពីសំណាក់ឯកឧត្តមប្រធាន និងសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធិបរិស័ទមកពីទីជិត-ឆ្ងាយ បានជួយកសាង និងជួសជុលវត្តបានល្អប្រសើរឡើងវិញ សាកសមជាទីសការៈគោរពប្រតិបត្តិ តាមប្រពៃណី សាសនា របស់បងប្អូនទូទាំងឃុំនាងទើត។
ឯកឧត្តម វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូពីបញ្ហាសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយបានជូនពរឲ្យបងប្អូនទាំងអស់ជួបតែពុទ្ធិពរទាំង ៤ប្រការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ឯកឧត្តម បានជម្រាបជូនអង្គពិធីអំពីដំណើរការវិវឌ្ឍរបស់ប្រទេសជាតិដោយ សង្ខេបដូចជាវិស័យកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងជាពិសេសរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមបានយ៉ាងល្អប្រសើរជាបន្តបន្ទាប់។ ជាក់ស្តែង ផ្លូវល្បឿនលឿនដែលជាសរសៃឈាមសេដ្ឋកិច្ច ប្រវែង ១៩០km (ភ្នំពេញ-ព្រះសីហនុ) ត្រូវបានបើកការ ដ្ឋានសាងសង់កាលពីថ្ងៃសុក្រទី២២ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោសែន ដែលត្រូវចំណាយថវិកាប្រមាណជា ២ពាន់លានដុល្លារ។
សមិទ្ធផលដ៏មានតម្លៃនេះ គឺបានមកពីការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ មានទស្សនវិស័យ គិតគូវែងឆ្ងាយដោយយកភាពសុខសាន្ត របស់ប្រជាពលរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍជាដើមចម។ ដោយសារតម្លៃនៃសុខសន្តិភាព និងស្ថិរភាពសង្គម បានទាក់ទាញការវិនិយោគដើម្បីចូលរួមបង្កើតការងារ បង្កើនចំណូល រក្សាកំណើនសេដ្ឋកិច្ច លំហូរទេសចរណ៍ បង្កលក្ខណៈងាយស្រួលក្នុងការនាំចេញកសិផល ហើយប្រាកដណាស់សកម្មភាពទាំងអស់នេះនឹងឈានទៅប្រែក្លាយប្រទេសយើងឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ដូចអ្វីដែលសម្តេចតេជោប្រាថ្នាចង់បាន។
ជាថ្មីម្តងទៀត ក្នុងនាមសម្តេចតេជោសែនប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយក ឯកឧត្តម លោក លោកស្រីដែលជាសមាជិក សមាជិកាគណបក្សថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់សំឡេងឆ្នោតគ្រប់ៗគ្នាដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាឆ្នាំកន្លងមក។ ដើម្បីតមស្នងសង គុណម្ចាស់សំឡេងឆ្នោត ឯកឧត្តមប្រធានក្រុមការងារ បានក្រើនរំលឹកដល់មន្រ្តី អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ សែន គឺត្រូវចុះមកបម្រើពលរដ្ឋដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំ ទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយត្រូវបន្តអនុវត្តគោលនយោបាយ ក៣ (កើត ការ និងមរណ:ភាព) ដោយភាពទទួលខុសត្រូវខ្ពស់ ៕ធ.ដ