ទីតាំង៥សំខាន់ៗ បានដាច់អគ្គិសនីប្រើប្រាស់ ដោយសារក្រុមហ៊ុន SRUN MONG CONCRETE លើកសន្ទូចខ្ពស់ បណ្តាលឱ្យប៉ះដាច់ខ្សែបណ្ដាញតង់ស្យុងខ្ពស់
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បញ្ជាក់ ថា ដោយសាររថយន្តចាក់បេតុងរបស់ក្រុមហ៊ុន SRUN MONG CONCRETE លើកសន្ទូចប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ដែលបណ្តាលឲ្យលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយទី៥(GS5) ទៅអនុស្ថានីយកំពង់ស្ពឺ(GS KPS) ធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។
តំបន់ ទាំង នេះ ស្ថិតនៅ ៖ ទី១,ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល ។ ទី២,សង្កាត់កំបូល ។ ទី៣,សង្កាត់កន្ទោក ។ ទី៤,សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៥,ផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។
ក្រុមការងារបច្ចេកទេសបានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១៤:៥៨នាទីរសៀល ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ នេះ ។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១៧មេហ្គាវ៉ាត់។
អគ្គិសនីកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕