រដ្ឋបាលខេត្តបាត់ដំបង ប្រកាសតំបន់វិនិច្ឆ័យជាលក្ខណៈប្រព័ន្ធនៅភូមិចំនួន០២ ក្នុងឃុំពាមឯក

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ និងកំពុងរស់នៅក្នុងភូមិចំនួន០២ក្នុ ងនោះមាន ភូមិគោកដូង និងភូមិតាគម ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណជាង៦០០គ្រួសារ និងមនុស្សរាយស្មើប្រមាណជិត៣,០០០នាក់ ឲ្យចូលរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខ្លួន ជាពិសេស មេភូមិ មេឃុំ ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរស្រុករបស់ខ្លួន និងក្រុមការងារចុះមកវាស់វែងដីធ្លីក្នុងមូលដ្ឋាននេះ ដើម្បីបង្ហាញពីទីតាំងព្រំដីលំនៅដ្ឋាន ព្រំដីស្រែ-ចម្ការ របស់ខ្លួន ក្នុងពេលដែលក្រុមការងារចុះ មកកំណត់ពីតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងភូមិទាំង០២នេះ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារបងប្អូនទាំងអស់គ្នា។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជាអធិបតីបើកតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងភូមិគោកដូង និងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងបរិវេណវត្តប្រសាទឯកភ្នំ និងមានវត្តមានលោក អ៊ូ ដារី ប្រ ធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់វិនិច្ឆ័យចូលរួមប្រមាណជាង៣០០នាក់ផងដែរ។

លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងពិធីប្រកាសបើកឲ្យដំណើរការតំបន់វិនិច្ឆ័យក្នុងងការចុះបញ្ជីដីធ្លីជាលក្ខណៈ ប្រព័ន្ធថា ដើម្បីធ្វើឲ្យការងារនេះមានភាពរលូន និងទទួលបានជោគជ័យ លុះណាតែបងប្អូនរស់នៅទីនេះចូលរួមសហការល្អជាមួយ និងក្រុមការងារ របស់មន្ទីរដែលចុះមកវាស់វែង និងធ្វើការ ទំនាក់ទំនងជាមួយនឹងនាយកចាត់ចែងអនុវិស័យដីធ្លីខេត្ត ដើម្បីទទួលបានព័ត៌មានពីអ្វីដែលបងប្អូនឆ្ងល់ និងសួរ នាំចង់ដឹងពីកិច្ចការពាក់ព័ន្ធនឹងខ្លួនម្នាក់ៗ ដើម្បីកុំ ឲ្យមានការខុសឆ្គង និងខក ចិត្តទៅថ្ងៃខាងមុខ នៅពេលដែលកិច្ចការចុះបញ្ជីនៅទីនេះត្រូវបានបញ្ចប់ និងផ្តល់ប័ណ្ណកម្មសិទ្ធិ។ ពេលដែលបងប្អូនទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃខាងមុខ បងប្អូនត្រូវមានកាតព្វកិច្ចបង់ថវិកា បដិភាគ ក្នុងនោះដីលំនៅឋានក្នុងមួយម៉ែត្រក្រឡា តម្លៃ២,៥រៀល/ម៉២ និងដីចម្ការ-ស្រែក្នុងមួយម៉ែត្រក្រឡាតម្លៃ០១រៀល/ម៉២។

លោកប្រធានមន្ទីរ ក៏បានរំលឹកដល់បងប្អូនទាំងអស់ថា នៅពេលដែលក្រុមការងារចុះទៅដល់ភូមិដល់ផ្ទះបងប្អូននោះ សូមបងប្អូនត្រៀមនូវឯកសារផ្ទាល់ខ្លួនសំខាន់ៗ ដូចជា អត្តសញ្ញាណបណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងទៀត។ ត្រូវផ្តល់បទសម្ភាសន៍ឲ្យបានជាក់លាក់មុនធ្វើការសម្រេច ចិត្តផ្តល់ចម្លើយទៅក្រុមការងារចុះបញ្ជី។ អ្វីដែលផ្តោតសំខាន់នោះ គឺបងប្អូនត្រូវខិតខំសម្របសម្រួលរវាងអ្នកជិតខាងដែលជាប់ព្រំដីព្រំចម្ការ និងដីលំនៅឋាន ឲ្យត្រូវរ៉ូវគ្នាជាមុនសិន ទើបវាងាយស្រួល មិនបង្កបញ្ហារអាក់រអួលក្នុងការងារ ចុះវាស់វែងដីធ្លី។

ពាក់ព័ន្ធនឹងអ្នកដែលបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីដាច់ដោយដុំកន្លងមក ដែលក្នុងនោះភូមិតាគម មានចំនួន៩៤ប័ណ្ណ និងភូមិគោកដូង មាន ៣៧ប័ណ្ណ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានក្រើន រំលឹក សូមឲ្យបងប្អូនដែលបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីដាច់ដោយដុំទាំង២ភូមិខាងលើ ក៏ត្រូវមកចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធសាជាថ្មីឡើងវិញផងដែរ។ ប្រសិនបើបងប្អូន មិនបានមកចុះទេ នោះ គឺ ប័ណ្ណកម្មសិទ្ធិដីធ្លីដាច់ដោយដុំទាំងនោះ នឹងចាត់ទុកជាមោឃភាព (ចាត់ទុកជាអសារបង់) និងមិនមានតម្លៃផ្លូវច្បាប់នោះទេ។ ជាមួយគ្នា នោះផងដែរឯកឧត្តមអភិបាលរងខេត្ត ក៏បាន ណែនាំដល់អាជ្ញាធរស្រុក មេភូមិ មេឃុំ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យដីធ្លីក្នុងភូមិទាំង២ខាងលើ ក៏ត្រូវយកចិត្តទុកដាក់ធ្វើការចុះបញ្ជីដីធ្លីសាធារណៈរបស់រដ្ឋ ដែលមានក្នុងមូលដ្ឋានភូមិឃុំស្រុកខ្លួនឲ្យ បានត្រឹមត្រូវម៉ត់ចត់ម៉ឺងម៉ាត់ ដូចជាដីបឹងបួរ ស្រះបុរាណ អណ្តូងទឹក ផ្សារ សាលារៀន សាលាឃុំ ទី ស្នាក់ការភូមិជាដើម។ ត្រូវតែអាជ្ញាធរឈរឈ្មោះធ្វើជាម្ចាស់លើទ្រព្យសម្បត្តិសាធារណៈ ទាំងនោះ ដោយមិនត្រូវធ្វេសប្រហែស និងធ្វើឲ្យបាត់បង់នូវផលប្រយោជន៍សាធារណៈទាំងនោះឡើយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner