ទារិកាអភ័ព្វ ដែលគេផ្លុងចោលនៅផ្លូវ៦០ម៉ែត្រ និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធរបុប្ផា បានស្លាប់ហើយ
ភ្នំពេញ៖ ទារិកាដែលគេយកទៅផ្លុងចោលនៅផ្លូវ៦០ម៉ែត្រ ហើយយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធរបុប្ផានោះ បានស្លាប់ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ សពទារិកានេះ ត្រូវបានក្រុមការងារវិទ្យុ ABC នាំយកទៅធ្វើបុណ្យនៅវត្តសំបួរមាស ក្នុងខណ្ឌដង្កោ ដោយមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាថា ទារិកាពិតជាស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផាពិតមែន តែនៅរង់ចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះត្រួតពិនិត្យមើលតាមជំនាញសិន មុននឹងអនុញ្ញាតឲ្យបូជា ឬបញ្ចុះសពទារិកានេះផងដែរ។
គួរបញ្ចាក់ផងដែរថា ដំបូងឡើយមានបុរសជាអ្នករើសអេតចាយ២បាក់ ដើររើសអេតចាយតាមផ្លូវឮសំឡេងយំង៉ាៗ ស្មានតែឆ្មាយំ លុះរកមើលឃើញទារិកាម្នាក់ ទើបនឹងកើតបានប៉ុន្មានថ្ងៃ សង្ស័យត្រូវឪពុក ម្ដាយយកមកបោះបង់ចោលនៅក្នុងថង់ខ្មៅមួយ នៅក្បែរបង្គោលភ្លើង និងមានសម្ភារទារកនៅក្បែរនោះដែរ មើលទៅទំនងជាឃ្លានខ្លាំងហើយ យំឡើងខ្មៅមុខ ដោយស្ទាបទៅនៅមានដង្ហើម ទើបលើកមកបី តែមិនស្គាល់លេខទូរសព្ទសមត្ថកិច្ចទៀតនោះ ទើបនាំគ្នាបើកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ រហូតទៅដល់មុខវិទ្យុ ABC រួចប្រគល់ឲ្យក្រុមការងារវិទ្យុ ABC ជាអ្នកមើលថែបន្តវិញ។
ក្នុងហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជាប់បង្គោលភ្លើងមួយ មុខការដ្ឋានសំណង់អគារខ្ពស់លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ធ.ដ