តុលាការជំនុំជម្រះសំណុំរឿងក្តីបង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាអសាធារណៈកាត់ទោសបរុសអនិកជនខ្មែរ-អាម៉េរិក ជាគ្រូបង្ហាត់កីឡាហាត់ប្រាណម្នាក់ ពាក់ព័ន្ធសំណុំរឿងបង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់។
លោក ខាំ សុផារី ជាតំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់លើជនជាប់ចោទឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទគំរាមកំហែងថានឹងសម្លាប់ បទបង្ខាំងមនុស្សខុសច្បាប់ និងបទធ្វើទារុណកម្មផ្លូវភេទ ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត។
យោងតាមចម្លើយរបស់ជនរងគ្រោះនៅតំណាក់កាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ជនជាប់ចោទ និងនាង [នារីរងគ្រោះ] បានស្រលាញ់គ្នាយូរមកហើយ។ ពួកគេថែមទាំងបានរួមរស់ជាមួយគ្នាជាច្រើនលើក ប៉ុន្តែនៅពេលដែលពួកគេរួមភេទម្តងៗ ជនជាប់ចោទតែងតែប្រើហិង្សាលើរូបនាង និងថតវីដេអូសកម្មភាពរួមភេទថែមទៀតផង។
នៅថ្ងៃកើតហេតុទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ចោទ បានណាត់ជនរងគ្រោះទៅគេងជាមួយគ្នានៅ បន្ទប់ខុនដូរឈ្មោះ MHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលជនរងគ្រោះទៅដល់ ជនជាប់ចោទបានប្រើហិង្សា គំរាមកំហែងសម្លាប់ គំរាមបង្ហោះវីដេអូសកម្មភាពរួមភេទ និងបង្ខាំងជនរងគ្រោះទុកក្នុងបន្ទប់ខុនដូមិនឲ្យទៅណា ព្រោះខឹងនាងភ្ជាប់ពាក្យជាមួយប្រុសផ្សេង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់សាច់ញាតិរបស់ជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការជួយសង្គ្រោះនារីរងគ្រោះ និងឃាត់ខ្លួនជនជាប់ចោទបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ សំណុំរឿងនេះតុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ខាងមុខ៕ម.ន