សម្តេចតេ ជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ- ក្រុងព្រះសីហនុ ដែលប្រវែង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមរូបភាព សាងសង់ – ធ្វើអាជីវកម្ម – ផ្ទេរ Build-Operate- Transfer (BOT) នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុ ជា បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

សម្តេចបានហៅការចាប់ផ្តើមសាងសង់ផ្លូវនេះ គឺជាវឌ្ឍនភាពកើតចេញពីសុខសន្តិភាពរបស់កម្ពុជា។ សម្តេចថា សម្តេចផ្ទាល់បានធ្វើការជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន ដើម្បីដំណើរការគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ហើយបើគ្មានការគាំទ្រពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនទេ គឺមិនអាចលេចចេញជាវត្តមានផ្លូវល្បឿនលឿននេះ នោះឡើយ ព្រោះទុនវិនិយោគរហូតដល់ទៅ២ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ សម្តេចបានបញ្ចេញថវិកាជិត ១០០លានដុល្លារអាម៉េរិក សម្រាប់ផ្តល់សំណងលើផលប៉ះពាល់នានានៅក្នុងគម្រោងសាងសង់ផ្សេងៗ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនអនុញ្ញាតឲ្យចិនមកគ្រប់គ្រងខ្មែរនោះឡើយ ហើយចិនក៏មិនមានចេតនាមកគ្រប់គ្រងកម្ពុជានោះដែរ។ សម្តេចតេជោ បានបន្ថែមថា ផ្លូវល្បឿនលឿននេះ គឺធ្វើក្នុងរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ពោល ក្រោយផុតដំណាក់កាលធ្វើអាជីវកម្មក្រុមហ៊ុននឹងប្រគល់ផ្លូវមួយនេះឲ្យមកកម្ពុជាវិញ។ ផ្លូវល្បឿនលឿននេះ គឺជាការតភ្ជាប់ដ៏សំខាន់រវាងប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ថា កម្ពុជាកំពុងលក់ដីឲ្យចិន។

សម្តេចថា អ្វីៗដែលសម្តេចធ្វើនាពេលបច្ចុប្បន្ន គឺទុកសម្រាប់ក្មេងៗជំនាន់ក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើប្រជាពលរដ្ឋណាដែលមិនព្រមសហការក្នុងការសាងសង់សមិទ្ធផលនានា គឺត្រូវតែយកច្បាប់មកប្រើ។ សម្តេចបញ្ជាក់ថា នៅពេលជាតិត្រូវការហើយ ប្រជាពលរដ្ឋត្រូវតែលះបង់ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការតភ្ជាប់ គឺជារឿងសំខាន់បំផុតសម្រាប់សម្តេច។ ក្នុងនោះសម្តេច ក៏ធ្លាប់ប្រាប់សមាជិករាជរដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៩៨ផងដែរថា បើតភ្ជាប់ត្រឹមនយោបាយ មិនអាចទទួលជោគជ័យនោះឡើយ ពោលគឺត្រូវតែមានការតភ្ជាប់ផ្លូវផងដែរ។

សម្តេច បានថ្លែងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាការដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមូលតែម្តង ជាពិសេស ជួយសម្រួលដល់ការដឹកជញ្ជូន។ សម្តេចថា កម្ចីប្រមាណ ៧០% ពីចិន គឺយកមកប្រើដើម្បីធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ និងស្ពានជាដើម ។ សម្តេច រំលឹកថា រដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលរបស់សម្តេច មិនមានរបបសម្រាប់ទិញរថយន្តជិះនោះទេ ពោល មុនធ្វើរដ្ឋមន្ត្រីជិះអ្វី ពេលឡើងរដ្ឋមន្ត្រីជិះរថយន្តនោះដដែល។ រាជរដ្ឋាភិបាល ត្រូវការយកលុយទៅអភិវឌ្ឍន៍ធ្វើផ្លូវ និងសាលារៀនជាដើម។

ឆ្លើយតបការលើកឡើងថា កម្ពុជាលំអៀងទៅចិននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលទាត់ចោលការវិនិយោគរបស់បរទេសណាមួយនោះទេ ផ្ទុយទៅប្រទេសដែលលើកឡើងថា កម្ពុជាលំអៀងទៅចិននោះ មិនដែលបានដាក់គម្រោងវិនិយោគនៅកម្ពុជានោះទេ។ សម្តេច ថា កម្ពុជា ត្រូវការដៃគូទាំងអស់ មិនមែនត្រូវការតែចិននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ដៃគូទាំងអស់រាល់ការធ្វើសកម្មភាព និងភាពជាដៃគូទំនាក់ទំនង គឺត្រូវគោរពអធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា។ សម្តេច បានថ្លែងថា កម្ពុជា កំពុងដើរនៅលើផ្លូវត្រូវហើយ ហើយរំពឹងថាមិត្តភក្តិទាំងអស់នឹងយល់ពីបំណងរបស់កម្ពុជា គឺត្រូវការសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅមានតម្រូវការធ្វើផ្លូវល្បឿនលឿនបន្ថែមទៀត ដូចជាការតភ្ជាប់ទៅវៀតណាម ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង និងត្រូវតភ្ជាប់ទៅប្រទេសថៃផងដែរ ព្រោះថា បច្ចុប្បន្ន កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ ហើយសម្តេចក៏កំពុងពិចារណាបង្កើតប៉ូលសេដ្ឋកិច្ចមួយទៀតនៅភូមិភាគឦសានប្រទេស។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់គម្រោងវិនិយោគលើវារីអគ្គិសនីចិន មិនដែលបោះបង់ចោលគម្រោងរបស់ពួកគេនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា យោងតាមការព្យាករណ៍នឹងមានភ្លៀងធ្លាក់នៅយប់ថ្ងៃនេះ និងប៉ុន្មានថ្ងៃខាងមុខនេះទៀត។ បើមានភ្លៀងនោះវារីអគ្គិសនីអាចដំណើរការផលិតថាមពលអគ្គិសនី។ ក្នុងពិធីដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមួយក្នុងខេត្តព្រះសីហនុ។ សម្តេច បានថ្លែងបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការវិនិយោគ ដែលអនុវត្តតាមរូបភាព សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ(BOT) គឺ អនុញ្ញាតឱ្យ ក្រុមហ៊ុន វិនិយោគមានសិទ្ធិប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ផ្លូវ ក្នុងអត្រាកំណត់មួយដូចមានចែង នៅក្នុងកិច្ចព្រមព្រៀង សម្បទាន ទៅតាមទំហំ និងប្រភេទនៃយានយន្តនីមួយៗ។ យោងតាម សំណើ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះកម្រៃសេវាឆ្លងកាត់ លើផ្លូវល្បឿន លឿននេះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្ត គ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿន លឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់ រយៈពេល១ឆ្នាំ។ លើសពីនេះ  ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃ សេវា ឆ្លងកាត់ ក្នុងរយៈពេល៥ឆ្នាំម្តង នៃប្រតិបតិ្តការ អាជីវកម្មរបស់ខ្លួនផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោងនេះ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន ចាន់ថុល បន្តថា ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះ អាចដល់ ១២០គ.ម ក្នុងមួយម៉ោង។

* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប៦.០១៥ម៉ែត្រ។

* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។

* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង។

* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner