សម្ភាររោងចក្រដាយយ៉ាំង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការរឹបអូស

ភ្នំពេញ ៖ សម្ភារ និងគ្រឿងម៉ាស៊ីនបោកគក់ចាស់ៗរបស់រោងចក្រកាត់ដេរដាយយ៊ាំង អតីតរោងចក្រតម្បាញទី២ ឫស្សីកែវ ត្រូវបានកម្លាំងចម្រុះជិត១០០នាក់ រួមមានក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយ សាលារាជធានីភ្នំពេញ និងតុលាការ អាជ្ញាធរដែនដី ចុះធ្វើការរុះរើ បន្ទាប់ពីរោងចក្រកាត់ដេរមួយនេះ ក្ស័យធន់ ហើយត្រូវថៅកែរត់ចោលកម្មកររាប់រយនាក់ មិនមានការដោះស្រាយប្រាក់ផ្សេងៗជូនកម្មករ ។ ការដឹកនាំកម្លាំងចម្រុះរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមស ជ ណ  របស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ 283 សជណ .ឧរ ចុះថ្ងៃចន្ទទី ១៣រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ 2562 ត្រូវថ្ងៃទី ៤ខែមីនាឆ្នាំ ២០១៩ បានបង្គាប់ឱ្យក្រសួងឧស្សាហកម្មនិងសិប្បកម្ម សហការជា មួយសាលារាជធានីភ្នំពេញចាត់ចែងការពារសន្តិសុខ សុវត្ថិភាព រួមទាំងវិធានការចាំបាច់ផ្សេងៗ ក្នុងការ ចុះរុះរើសម្ភារ ឧបករណ៍គ្រឿងម៉ាស៊ីនបោកគក់ចាស់ៗចេញពីរោងចក្រកាត់ដេដាយយាំងអតីតរោងចក្រតម្បាញទី២ឫស្សីកែវ ។

 បើតាមប្រភពព័ត៌មានបានឲ្យដឹងថា  ទីតាំងរោងចក្រដាយយ៊ាំង  អតីតរោងចក្រតម្បាញទី២ឫស្សីកែវមានទំហំ ប្រហែល ១៤០០០ម៉ែត្រការ៉េ ពោលគឺជិត១ហិកតាកន្លះអាចនឹង មានការ លក់ដូរដីនោះ អោយទៅឈ្មួញរួចហើយដើម្បីយកលុយដោះស្រាយជូនកម្មករចំនួន 498 នាក់ ដែលត្រូវថៅកែរោងចក្ររត់ចោល ហើយការអនុវត្តនៅថ្ងៃនេះ ដើម្បីយកទីតាំងប្រគល់ជូនឈ្មួញម្ចាស់ដីដែលជាអ្នកទិញទីតាំងនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាទីតាំងរោងចក្រតម្បាញនេះបានជួលបន្តបន្ទាប់គ្នា ហើយចុងក្រោយបានជួលទៅឱ្យជនជាតិកូរ៉េដំណើរការងាររោងចក្រកាត់ដេររយៈពេលជិត 20 ឆ្នាំមកហើយ ហើយក្នុងខែមីនាឆ្នាំ2018 ថៅកែរោងចក្រក៏បានដាក់មេប្រូចបាត់ស្រមោលដោយទុកឲ្យកម្មករ 498 នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ខែនិងប្រាក់បំណាច់ឆ្នាំ ដោយអូសបន្លាយពេលរហូតជាងបីខែ ទើបរដ្ឋាភិបាលមា ន ការដោះស្រាយជូនកម្មករ ។

ទោះបីយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ច បានធ្វើការងារ នេះយ៉ាងប្រុងប្រយ័ត្ន សូម្បីតែអ្នកយកព័ត៌មាន ក៏មិនឲ្យថតផ្តិតយករូបភាពដែរ ហើយបានហាមដាច់ខាតមិនឲ្យផ្សាយព័ត៌មាននេះទៀតផង ។

លោកស្រីឈ្មោះ  នី បានឲ្យដឹងថា លោកស្រីជាតំណាងឲ្យក្រុមហ៊ុន ឧបករណ៍ និងម៉ាសុីនបោកគក់ ដែលប្រើប្រាស់នៅ ក្នុងរោងចក្រនោះ ហើយការរុះរើដឹកចេញម៉ាសុីនបោកគក់របស់លោកស្រី គឺខាងក្រសួងមិនបានឱ្យគាត់ដឹងឡើយ ហើយក៏គ្មានការជូនដំណឹង ឬបង្ហាញឯកសារអ្វីដែលពាក់ព័ន្ធនោះដែរ។

លោកស្រីបន្តថា បន្ទាប់ពីក្ស័យធន គាត់ក៏បានទៅដឹកសម្ភារៈចេញពីរោងចក្រដែរ ប៉ុន្តែម្ចាស់រោងចក្រដែលជួលទៅឱ្យជនជាតិកូរ៉េ មិនអនុញ្ញាតឲ្យដឹកឡើយ ទើបទុករហូតដល់ថ្ងៃនេះ គេយកចេញដោយមិនបានប្រាប់គាត់ ខណះគាត់មានកិច្ចសន្យាជួលត្រឹមត្រូវ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner