សិក្ខាសាលាផ្តល់ការគាំទ្រ លើការពិនិត្យឡើងវិញនូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យ នឹងមេរោគអេដស៍ និងជំងឺអេដស៍

អត្ថបទដោយ៖
Kien Sereyvuth

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩  ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលា ផ្តល់ការគាំទ្រលើការពិនិត្យឡើងវិញ នូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យ នឹងមេរោគអេដស៍និងជំងឺអេដស៍  លើកទី៤ នៅកម្ពុជា ។  អញ្ជើញចូលរួមនៅក្នុងសិក្ខាសាលា  មាន អង្គការ HP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS  ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកថា បញ្ហាប្រឈមចំបងមួយ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺបានកើតឡើង ក្នុងស្ថានភាពមួយដែលដៃគូអភិវឌ្ឍន៍ដកនូវការគាំទ្រហិរញ្ញវត្ថុរបស់បន្តិចម្តងៗហើយកម្ពុជាយើងប្តេជ្ញាបញ្ចប់ការរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដែលមានរយៈពេល៥ឆ្នាំមុនការប្តេជ្ញាចិត្តជាសកលទៀតផង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងសុំ អង្គសិក្ខាសាលា ពិនិត្យពិភាក្សាជាក្រុម ឱ្យបានទូលាយ និងផ្តល់មតិឱ្យបានច្រើនលើបញ្ហាចំនួន៥ជាចំបងគឺ ៖ ១) លទ្ធផល ២) ប្រសិទ្ធផល ៣) គណនេយ្យភាព ៤) ភាពជាដៃគូ និង៥) ការផ្ទេរដំណាក់កាល/ចីរភាព។ លើសពីសំណួរទាំង៥នេះ យើងចង់ឃើញផងដែរថា តើការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍អាចផ្តល់នូវមេរៀនជាបទពិសោធន៍អ្វីខ្លះចំពោះប្រព័ន្ធសុខាភិបាល ដែលកំពុង ខិតខំធ្វើឱ្យសម្រេចនូវសេវាសុខាភិបាលគ្របដណ្តប់ជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំអង្គសិក្ខាសាលា ពិនិត្យមើលរចនាសម្ព័ន្ធ និងឱកាសនានា ដែលអាច សមាហរណកម្មការងារ ប្រយុទ្ធ នឹងមេរោគអេដស៍ ទៅក្នុងវិស័យសុខាភិបាល និងមិនមែនសុខាភិ     បាល។ ការពង្រឹងភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ប្រព័ន្ធស្របគ្នាគឺជាតម្រូវការចាំបាច់ ក៏ដូចជា ការរៀបចំផែនការ និងការអនុវត្តរួម ការវិនិយោគក្នុងការផ្តល់សេវារួម (រួមមានហេដ្ឋារចនា    សម្ព័ន្ធ ការបណ្តុះបណ្តាល ការគ្រប់គ្រង និងការត្រួតពិនិត្យ និងការវាយតម្លៃ) ហើយនិងកិច្ចសហការឆ្លងវិស័យដែលត្រូវបានកែលម្អ។ សមាហរណកម្មកាន់តែធំគឺជាតម្រូវការរវាងសេវាមេរោគអេដស៍ ដែលរួមមានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងការព្យាបាល ជំងឺមិនឆ្លង។ ការផ្សាភ្ជាប់គ្នាកាន់តែធំក៏ជាតម្រូវការផងដែររវាងសេវាមេរោគអេដស៍ និងវិស័យ មិនមែនសុខាភិបាល រួមបញ្ចូលទាំងការគាំពារសង្គម ការងារ សន្តិសុខស្បៀង សិទ្ធិមនុស្ស ការពង្រឹងច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងសេវាសង្គម។
ឯកឧត្តមបានរំលឹកបន្ថែមថា កន្លងមកនេះការគាំទ្រគោលនយោបាយ និងបច្ចេកទេសត្រូវបានផ្តួច    ផ្តើមក្នុងការធ្វើសមាហរណកម្មមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង “គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងក្នុងកម្មវិធីអភិវឌ្ឍឃុំ/កម្មវិធីវិនិយោគឃុំ” និងសមាហរណកម្មប្រជាជន គន្លឹះនៅក្នុងដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងចង់ឃើញការអនុវត្តការផ្តួចផ្តើមទាំងនោះនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការHP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS ដែលបានគាំទ្រដល់ដំណើរការទាំងមូល នៃការពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ លើកទី៤ និង ការរៀបចំផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ លើកទី៥ និងជាពិសេស ការជួយឱ្យភាគីដែលពាក់ព័ន្ធគន្លឹះចូលរួមក្នុងសិក្ខាសាលាផ្តល់ការគាំទ្រដ៏មានសារៈសំខាន់នេះ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner