ប្រមុខការទូតសហរដ្ឋអាម៉េរិកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមជ្ឈិមបូព៌ា នៅប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមួយជាមួយអ៊ីស្រាអែល ក្រិក និងសាយប្រើស ដោយឆ្ពោះទៅកាន់រដ្ឋធានីហ្សេរុយសាឡិម នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាបំពង់បង្ហូរឧស្ម័នធម្មជាតិ។

កិច្ចប្រជុំកំពូលខាងលើនេះ ត្រូវបានអញ្ជើញចូលរួមដោយលោក ម៉ៃ ប៉ុមប៉េអូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្រធានាធិបតីសាយប្រើស លោក នីខូស អាណាស្តាស៊ីដេស និងនាយករដ្ឋមន្រ្តីក្រិកលោក អាឡិចស៊ីស តាស៊ីប្រាស់។

បើតាមការគ្រោងទុកនោះ ក្រុមមេដឹកនាំប្រទេសទាំងនេះ នឹងត្រូវធ្វើកិច្ចពិភាក្សាគ្នាដោយផ្តោតសំខាន់លើបញ្ហាក្នុងតំបន់ ជាពិសេសការពង្រឹងទំនាក់ទំនងគ្នាឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៤ ក៏ដូចជាការជជែកលើគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិ ដែលនឹងនាំយកឧស្ម័នធម្មជាតិពីអ៊ីស្រាអែលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈប្រទេសសាយប្រើស និងក្រិក នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner