លោក ត្រាំ៖ ការដំឡើងពន្ធលើទំនិញចិនអាចនឹងបន្តរក្សានៅដដែល បើមិនអាចឈានដល់កិច្ចព្រមព្រៀងពេញលេញ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តរក្សាការដំឡើងពន្ធលើទំនិញរបស់ប្រទេសចិន ក្នុងរយៈពេលដ៏យូរមួយ រហូតទាល់តែអាចបញ្ជាក់បានថា ទីក្រុងប៉េកាំង បានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា អាជ្ញាធរអាម៉េរិក បាននឹងកំពុងពិភាក្សាជុំវិញការដកការដំឡើងពន្ធលើទំនិញរបស់ចិនក្នុងរយៈពេលយូរ ប៉ុន្តែពួកគេត្រូវតែធ្វើឱ្យប្រាកដប្រជាថា ពួកគេបានឯកភាពលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរជាមុនសិន ។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះ របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់អាម៉េរិក នឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំទល់មុខគ្នា ដែលមានគោលដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ៕ធ.ដ