ទារិកាអភ័ព្វម្នាក់ ត្រូវឪពុកម្ដាយច្រកថង់ខ្មៅយកទៅបោះចោលក្បែរផ្លូវសម្ដេចតេជោ ត្រូវអ្នករើសអេតចាយយកទៅប្រគល់ឲ្យក្រុមការងារវិទ្យុ ABC មើលថែ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទារិកាម្នាក់ ទើបនឹងកើតបានប៉ុន្មានថ្ងៃ សង្ស័យត្រូវឪពុកម្ដាយយកមកបោះចោលនៅក្បែរបង្គោលភ្លើង និងមានសម្ភារមួយចំនួនផង ត្រូវបានបុរសជាអ្នករើសអេតចាយ២នាក់ ប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍ត ទី២១ ខែមីនា ឆ្នាំ២០១៩ មុខការដ្ឋានសំណង់អគារខ្ពស់ លើមហាវិថីសម្ដេចតេជោ (៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួចក៏លើកបីនាំគ្នាបើកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ទៅប្រគល់ឲ្យក្រុមការងារវិទ្យុ ABC ជាអ្នកមើលថែ។

បើតាមសម្ដីបុរសទាំងពីរនាក់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករ៉ឺម៉កអេតចាយឌុបគ្នា រើ សអេតចាយ តាមផ្លូវនានា លុះពេលមកដល់ផ្លូវ៦០ម៉ែត្រ ចំណុចខាងលើ ស្រាប់តែឮសំឡេងយំនៅក្នុងថង់ខ្មៅមួយ និងមានសម្ភារទារកនៅក្បែរនោះផងដែរ ទើបពួកគាត់បើកមើល ស្រាប់តែឃើញទារក ក្នុងថង់ខ្មៅនោះ ហើយក៏ស្ទាបទៅ នៅមានដង្ហើម ទើបពួកគាត់បី តែមិនស្គាល់លេខទូរសព្ទសមត្ថកិច្ចផង ទើបនាំគ្នាបីឡើងម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ទៅដល់មុខវិទ្យុABC រួចប្រាប់អ្នកលក់នៅក្នុង Mart ABC ២៤ម៉ោង ថា គាត់បានប្រទះឃើញទារិកា ដែលគេយកមកបោះបង់ចោល។ គ្រានោះក្រុមការងារវិទ្យុ ABC បានចេញមកទទួល និងធ្វើការសាកសួរព័ត៌មាន បានឲ្យដឹងថា  បុរសដែលជាអ្នកបើករ៉ឺម៉កអេតចាយឈ្មោះ បញ្ញា អាយុប្រហែល៣០ឆ្នាំ  និងឈ្មោះ ភឿន តួ។ ក្រោយពីសួរនាំរួច អ្នករើសអេតចាយទាំង២នាក់ បានត្រឡប់ចេញទៅវិញផងដែរ។

បច្ចុប្បន្នទារិកាខាងលើ  ត្រូវអ្នករើសអេតចាយទាំង២នាក់នោះ ប្រគល់ឲ្យក្រុមការងារវិទ្យុ ABC  យកទៅស្នាក់នៅវិទ្យុហើយ ដើម្បីមើលថែបន្ត តែស្ថានភាពទារិកានោះកាន់តែខ្សោយ ព្រោះទំនងជានៅក្នុងថង់យូរ និងស្រែកយំឡើងខ្មៅមុខអស់ហើយ ទើបប្រញាប់យកក្មេងទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗតែម្ដង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner