កំពុងដើរហាត់ប្រាណ ត្រូវម៉ូតូកង់បីឥណ្ឌាបើកបុកពីក្រោយស្លាប់
ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលដែលគាត់កំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវបានម៉ូតូកង់បីឥណ្ឌាបើកមកបុកពីក្រោយ ហើយម៉ូតូបង្កបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះក្រោយពីសមត្ថកិច្ចស្រាវជ្រាវភ្លាមៗ ត្រូវបានស្គាល់អត្តសញ្ញាណ មានឈ្មោះ យ៉ែម សារី ហៅ អូន អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយកូន នៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីក្រុមគ្រួសារ បានឲ្យដឹងថា ស្រ្តីរងគ្រោះ ជួនស្នាក់នៅជាមួយកូននៅស្រុកអង្គស្នួល ជួនមកស្នាក់នៅជាមួកូន នៅក្នុងភូមិចម្ការឪឡឹក២។ ជារៀងរាល់ព្រឹក ជនរងគ្រោះតែងតែដើរហាត់ប្រាណ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ ជនរងគ្រោះដើរហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។
បើតាមប្រជាពលដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដើរហាត់ប្រាណ តាមផ្លូវបេតុងខាងលើ ពីជើងទៅត្បូង អស់មួយសន្ទុះ ក៏បានដើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្លៀតចូលទិញនំឆាខ្វៃចំនួន២គូ កាន់នឹងដៃផង លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង បើកពីត្បូងទៅជើងស្របទិស បុកពីក្រោយ ផ្លោងរមៀល ជនរងគ្រោះបោកស្លាប់ភ្លាមៗនៅកន្លែង ហើយម៉ូតូបង្កបន្ថែមល្បឿនបើករត់ទៅទិសខាងជើងបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែង ទើបរកអត្តសញ្ញាណក្រុមគ្រួសារជនរងគ្រោះ និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ