សង្ស័យប៉ងរំលោភកូន តែម្ដាយមកទាន់ចាក់មួយកាំបិតហើយវាយកូនៗ៣នាក់ទៀត បណ្ដាលឲ្យរបួសធ្ងន់៤នាក់ រួចគេចខ្លួនបាត់
ភ្នំពេញ៖ ជនដៃដល់ម្នាក់ បានផ្លោះរបងវត្តប្រជុំសាគរ បំណងទៅចាប់រំលោភកុមារីវ័យជាង១០ឆ្នាំម្នាក់មិនបានសម្រេច ពេលនោះម្ដាយ និងប្អូនតូចៗ២នាក់ទៀតមកទាន់ ហើយត្រូវជនដៃដល់ ចាក់ម្ដាយមួយកាំបិត និងវាយក្មេងៗបណ្ដាលឲ្យរបួសធ្ងន់ទាំងអស់៤នាក់ កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនដៃដល់ម្នាក់ផ្លោះរបងវត្តចូលទៅចាប់ឱ្យបក្មេងស្រីអាយុជាង១០ឆ្នាំ បំណងប៉ុនប៉ងរំលោភ ពេលនោះក៏ម្ដាយក្មេងស្រី និងកូនតូចៗ២នាក់ទៀតមកទាន់ បានចាក់ជនដៃដល់មួយកាំបិត តែរបួសស្រាល ។ ភ្លាមនោះដែរ ជនដៃដល់ក៏បានទាញកាំបិតចាក់ស្ត្រីជាម្ដាយ និងវាយក្មេងស្រី តូចៗឲ្យរបួសទាំងអស់៤នាក់ រួចហើយគេចខ្លួនបាត់ បន្ទាប់មកត្រូវបានអ្នកជិតខាងដឹកបញ្ចូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រផងដែរ។ បើតាមសម្ដីបុរសម្នាក់ឈ្មោះ សម្បត្តិ អាយុ៣៩ឆ្នាំ មុខរបបសន្តិសុខឯកជន ត្រូវជាប្ដី និងឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ស្នាក់នៅផ្ទះក្នុងបរិវេណវត្ត អារាមខាងលើ ។ ក្រោយមកប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត្រ។ យោងតាមវីឌីអូកាមេរាសុវត្តិភាពរបស់អ្នកជិតខាង បានសង្កេតគេឃើញថា ពេលកើតហេតុមានមនុស្សប្រុសម្នាក់បានផ្លោះចូលក្នុងបរិវេណវត្ត មួយសន្ទុះក៏ផ្លោះចេញមកវិញយ៉ាងលឿន
ទោះជាយ៉ាងណា ករណីខាងលើនេះគ្រាន់តែប្រជាពលរដ្ឋសន្ឋិដ្ឋានជាករណីរំលោភមិនបានសម្រេច តែករណីអ្វីឲ្យប្រាកដនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ក្រោយមក ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសឲ្យខានតែបាន៕