លោកជំទាវ ម៉ែន សំអន និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខចម្រើនជូនដល់ពលរដ្ឋកម្ពុជា
ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីអភិសេកព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំងនៅបរិវេណទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូចជូនដល់មន្ដ្រីរាជការក្រោមឱវាទ ដែលបាននិមន្ដព្រះសង្ឃ២០អង្គ និងតាជី យាជី៣០នាក់ ចូលរួមផងដែរ កាលពីរសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំចសំរឹទិ្ធស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ពិធីអភិសេកព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា នេះ តាមជំនឿសាសនាប្រពៃណីរបស់ខ្មែរយើង គឺសុំសេចក្ដីសុខ សេចក្ដី ចម្រើន ជូនដល់មន្ដ្រីរាជការដល់ ប្រជាពលរដ្ឋទូទាំងប្រទេស និងទទួលបានប្រសិទ្ធិពរជ័យ សិរីសួស្ដីជ័យមង្គលជារៀងរហូត។ ការរៀបចំបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ចាក់នូវតំណាក់កាលព្រះប្រសូត្រនិងតំណាក់កាល ព្រះ វិន័យហើយក៏ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំ ដ៍ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែម្តងដែលបានជំរុញឲ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសកុសល្យផលបុណ្យដែលមកពីពិធីបុណ្យពុទ្ធាភិសេកបួងសួង សូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមាន សម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានសុខភាពល្អអាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីចម្រើនបន្ថែមទៀត ជ្រកក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោក ប្រាថ្នាចង់បាន។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕ម.ន