ឃាត់ខ្លួនក្នុងករណីគ្រឿងញៀន បែរជាបែកធ្លាយរឿងទិញម៉ូតូពាក់ព័ន្ធបទល្មើស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាជក់ថ្នាំញៀន មិនកោតក្រែង មិនខ្លាចភ្នែកមហាជន នាំទៅសាកសួរនៅប៉ុស្តិ៍ បែរជាបែកធ្លាយ ពាក់ព័ន្ធទិញម៉ូតូចោរកម្ម យកមកកែបន្លំ ដោះស្លាកលេខ មួយករណីទៀត កាលពីវេលាម៉ោង១០នង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល ផ្លូវបេតុង ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១)ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២)ឈ្មោះ ឈុន ស៊ីណន ភេទប្រុស អាយុ១៦ឆ្នាំ (ទាំង២នាក់ មានទីលំនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ)។ ចំណែកម៉ូតូជាប់ពាក់ព័ន្ធនឹងបទល្មើស ម៉ាកហុងដា សេ១២៥ សេរី២០០៧ បកតែមចោល បិទតែម២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-3471។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ថា ឃើញជនសង្ស័យទាំង២នាក់ ជក់គ្រឿងញៀន ត្រង់ចំណុចខាងលើ មិនខ្លាច មិនញញើត កណ្តាលវាលតែម្តង ទើបកម្លាំងចុះទៅចាប់ឃាត់បានទាំង២នាក់ ដកហូតបានឧបករណ៍ម៉ូតថ្មី សម្រាប់ដាក់គ្រឿងញៀនជក់ និងម៉ូតូមួយគ្រឿង អត់មានស្លាកលេខ នាំទៅសាកសួរ ទើបបែកធ្លាយម៉ូតូមានស្លាកលេខ តែពួកគេដោះចេញ ប្តូរតែមថ្មី ខ្លាចម្ចាស់ដើមស្គាល់។

ជនសង្ស័យទាំង២នាក់ បានសារភាពថា ម៉ូតូនេះ ពួកគេចូលលុយគ្នាទិញ តម្លៃ២១០ដុល្លារពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង អស់រយៈពេលជាង១ខែហើយ ពួកគេក៏បានដឹងដែរជាម៉ូតូខ្លាចប៉ូលិស ទើបយកមកប្តូរតែមថ្មី ដោះស្លាកលេខចោល គ្រាន់ជិះដើរទិញ និងជក់គ្រឿងញៀន។ ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner