ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ៖ មុននឹងទៅធ្វើអធិការកិច្ចគេ ត្រូវពិនិត្យខ្លួនឯងជាមុន ដោយយកអភិក្រម​ទាំង៥របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើជាគ្រឹះ

ភ្នំពេញ៖ ថ្លែងទៅកាន់សិក្ខាកាមចំនួន៤០នាក់ ដែលបញ្ចប់វគ្គបណ្ដុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ​នៃ​ការ​​ងារ​​អធិការ​កិច្ចជំនាន់ទី២ វគ្គ១ កម្រិតទី១ នៅទីស្តីការ​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នា​ថ្ងៃ​​​ទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី បានបញ្ជាក់ថា មុននឹងទៅធ្វើអធិការកិច្ចគេ ត្រូវ​​ពិនិត្យ​ខ្លួន​ឯងជាមុន ដោយយកអភិក្រម​ទាំង​ប្រាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មកធ្វើជា​មូលដ្ឋានគ្រឹះ  ព្រោះការងារអធិការកិច្ច​ គឺជា​ការ​​ងារ​ដ៏​​មាន​សារៈសំខាន់ និងស្មុគស្មាញដែលទាមទារឲ្យមន្រ្តីអធិការកិច្ចមានសមត្ថភាព​ជំ​នាញ​​ជ្រៅជ្រះ និងច្បាស់​លាស់។ ឯកឧត្តមបញ្ជាក់ទៀត ថា ដោយមើលឃើញបែបនេះហើយ ទើបលោកជំទាវឧបនាយករដ្ឋមន្ត្រី បានខិតខំបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចនេះឡើង ដើម្បីធ្វើជា​យន្តការ​ក្នុងការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីអធិ​ការ​កិច្ច​ឲ្យមានកាយសម្បទាវិជ្ជាជីវៈពិតប្រាកដ។​​ រីឯវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ច​ដែលបានបញ្ចប់នាពេលនេះ គឺ​ ដើម្បី​រួមចំណែកអនុវត្តឲ្យមានប្រសិទ្ធភាព និងជោគជ័យនូវ យុទ្ធសាស្រ្ត​ចតុ​កោណដំណាក់កាលទី៤ នៃរាជរដ្ឋា​ភិ​បាល​​នី​តិ​កាល​ទី៦នៃរដ្ឋសភា ដែលបានចាត់ទុកការ​អភិវឌ្ឍន៍​ធនធាន​មនុស្សជា​វិស័យ​អាទិភាពទី១ នៃយុទ្ធសាស្រ្តចតុកោណ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ បានលើកយកប្រសាសន៍ណែនាំរបស់លោកជំទាវ​ឧបនាយក​រដ្ឋ​មន្ត្រី​ ចំនួនបីចំណុចសំខាន់ៗ មកធ្វើការជំរាបជូនដល់សិក្ខាកាម​ទាំងអស់​ដើម្បីអនុវត្ត រួមមាន ៖

.យើងត្រូវចងចាំថា បើយើងមានចំណេះដឹង និងជំនាញហើយ តែមិនមានឆន្ទៈ​បំ​ពេញ​ការ​ងារ​​ឲ្យបានត្រឹម​ត្រូវ ​យើង​ក៏មិនអាចទទួលបានលទ្ធផលល្អដែរ ។ ដូច្នេះសិក្ខាកាម​ទាំងអស់ ដែលបានទទួល​ការបណ្តុះ​បណ្តាលត្រូវយក​ចំ​ណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះ ទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអភិវឌ្ឍអង្គភាព និង​ពង្រឹង​ប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ នោះវានឹងក្លាយជាធាតុចូលមួយ ក្នុងការរួមចំណែក​ដល់ការ​លើក​​កម្ពស់​អភិ​បាល​កិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

.សិក្ខាកាមក៏ដូចជាគណៈប្រតិភូអធិការកិច្ចទាំងអស់ ក៏ត្រូវចងចាំផងដែរថា នៅពេលចុះ​បំពេញបេសកកម្ម ​យើង​​ត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​​ជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍​ឯករាជ​ សុចរិតភាព ស្អាតស្អំមិនលំអៀង តមា្លភាព និងទទួលខុសត្រូវខ្ពស់ដោយឈរលើគោលការណ៍​ច្បាប់​ជា​ធំនិង​គោរព​តាម​អភិ​ក្រម​ទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់សំដៅ​បម្រើ​សេវា​សាធារណៈ​ឲ្យ​កាន់​តែល្អ ។​ ធ្វើដូច្នេះ​ទើប​អាច​​​​រក្សា​សេចក្តីថ្លៃថ្នូរ ក្នុងការរួមចំណែកក្នុងការបង្ការទប់ស្កាត់ កែលម្អនិង​មានវិធាន​ការ​​ដើម្បី​ប្រ​ឆាំង​​នឹងអំពើពុករលួយ​ការ​រំលោភដោយអំណាចនិងបាតុភាពអសកកម្មនានា ប្រកបដោយប្រសិទ្ធភាព។

.អង្គភាពក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ​ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រផ្តល់កិច្ច​សហ​​ការ ​និងត្រូវចាត់មន្រ្តីមកចូលរួមការបណ្តុះបណ្តាល ដើម្បីឲ្យវិទ្យាស្ថាន​ជាតិ​អធិការកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការ​​បន្តអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

បើតាមរបាយការណ៍របស់ ឯ.ឧ បណ្ឌិត សោម បូរ៉ាន់ នាកយកវិទ្យាស្ថានជាតិអធិការកិច្ច បានឲ្យដឹងថាៈ វគ្គ​បណ្តុះ​បណ្តាល​ជំនាញអធិការកិច្ចបឋមស្តីពីមូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិចូលរួមសរុប​ចំនួន៤០នាក់ មកពី អគ្គនាយកដ្ឋានទាំងបី និងមន្ទីរ ទាំង២៥រាជធានីខេត្ត ត្រូវបណ្តុះបណ្តាលលើប្រធានបទចំនួន ០៦រួមមាន៖ទស្សនៈទូទៅ នៃការងារ​អធិការកិច្ច .ស្ថាប័នអធិការកិច្ច ​និងមន្រ្តីអធិការកិច្ច.ច្បាប់ និងលិខិតបទដ្ឋានក្នុងសកម្មភាពអធិការកិច្ច .ភារកិច្ច​និង​សិទ្ធិអំណាចរបស់មន្រ្តីអធិការកិច្ច.វិធីសាស្រ្តធ្វើអធិការកិច្ច.បណ្តឹង ​និងបែបបទនៃការដោះស្រាយបណ្តឹង។

បើតាមការឲ្យដឹងពីឯ,ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និងអធិការកិច្ច ​នៅក្រោយ​បញ្ចប់​ពិធី​ចែក​​វិញ្ញា​បន​ប័ត្រ នៃវគ្គបណ្តុះបណ្តាល​នេះថា៖​វិទ្យា​ស្ថានជាតិ​អធិ​ការ​កិច្ច ត្រូវបានបង្កើតឡើងដោយអនុក្រិត្យលេខ០៣ អនបក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដែលមកដល់​បច្ចុប្បន្ន ក្រោមការខិតខំ និងណែនាំដោយផ្ទាល់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឲ្យវិទ្យាស្ថានមួយនេះ ក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សយ៉ាងសំខាន៉ លើវិស័យអធិការកិច្ច បើទោះជាយើងទើបដំណើរការបណ្តុះ​បណ្តាល​កំរិតបឋមក៏ពិតមែន ប៉ុន្តែពេលខាងមុខបន្ទាប់ពីអគារវិទ្យាស្ថានសាងសង់រួច យើងនឹងខិតខំរៀបចំ​ឲ្យមាន​ការ​បណ្តុះ​​បណ្តាល​​គ្រប់កំរិត ក្រោមកិច្ចស្វែងរកដៃគូរទាំងក្នុង និងក្រៅប្រទេស ឲ្យមកចូលរួមផងដែរ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner