សំណុំរឿងឃាតកម្មសម្លាប់បណ្ឌិត កែម ឡី ត្រូវបានតុលាការកំពូលលេីកពេលជំនុំជម្រះ ព្រោះតែអវត្តមានមេធាវី

ភ្នំពេញ៖ ដេីម្បីជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់លោក អឿត អាង ហៅ ជួប សម្លាប់ ពាក់ព័ន្ធនឹងឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី តុលាការកំពូលបានរៀបចំធ្វេីឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ តែអ្វីដែលសំខាន់នោះគឺត្រូវបានលេីកពេលដោយមិនកំណត់វិញ ព្រោះក្នុងសវនាការអវត្តមានមេធាវីរបស់ពិរុទ្ធជន។ លោក អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងជំទាស់ ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសរូបលោក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះករណីសម្លាប់លោកបណ្ឌិត កែម ឡី។

តាមការគ្រោងទុក សវនាការនេះមាន ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺ លោក គង់ ស្រ៊ីម និងមានតំណាងអគ្គព្រះរាជអាជ្ញា លោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារង ក្នុងនោះក៏មានការកោះហៅ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ដើម្បីចូលស្តាប់សវនាការផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី ប៊ូ រចនា ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះឡើយ ដោយលោកស្រី កំពុងរស់នៅជាមួយកូន ក្នុងប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ក្នុងទីតាំងស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថី ព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ប្រផាប់ប្រភីងដោយឃាត់ខ្លួនបាន ជនដៃដល់ម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ ក្រោយពីចាប់ខ្លួន លោក អឿត អាង ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ បានកាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ក្រោមការចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់» ហើយត្រូវសាលាឧទ្ធរណ៍ តម្កល់សេចក្តីសម្រេចតាមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner