មន្ទីរកសិកម្ម និងគម្រោងអង្គការ CHAIN សហការគ្នារៀបចំតាំងពិព័រណ៍បន្លែ ខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

នៅល្ងាចថ្ងៃទី១៩ ខែមីនាម្សិលមិញ ខេត្តស្ទឹងត្រែង បានរៀបចំតាំងពិព័រណ៍កសិកម្ម ដែលជាការ     បង្ហាញពីភាពលូតលាស់លើវិស័យកសិកម្មក្នុងខេត្ត ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់សុវត្ថិភាពលើចំណីអាហារ។ ក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ជា ថាវរិទ្ធិ អភិបាលរងខេត្ត រួមជាមួយដៃគូគម្រោងអង្គការ CHAIN និងមន្រ្តីរាជការ គ្រប់អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

ប្រធានក្រុមដឹកនាំគម្រោងអង្គការ CHAIN និងជាតំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ SDC បានឲ្យដឹងថា គម្រោង CHAINបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង រួមជាមួយអាជ្ញាធរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងខេត្ត បានរៀបចំការតាំងពិព័រណ៍នេះឡើង គឺស្របទៅតាមគម្រោងដែលផ្តោតសំខាន់ទៅលើដំណាំបន្លែផ្លែឈើដែល ទទួលការឧបត្ថម្ភពីរដ្ឋាភិបាលស្វីស ដែលមានការសហកាគ្នាជាមួយវិស័យឯកជន និងអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ ឱកាសទៅដល់វិស័យកសិកម្ម តាមរយៈគម្រោង CHAIN និងជួយឲ្យអ្នកដែលពាក់ព័ន្ធសំខាន់ៗក្នុងផ្នែក ទីផ្សារ ឲ្យមានទំនាក់ទំនង ក្នុងវិស័យឯកជន រដ្ឋ ក៏ដូចជាអ្នកផលិត។

ក្នុងឱកាសនោះដែរ លោក លាង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា គម្រោង បន្លែផ្លែ ឈើនៅកម្ពុជា តំណាក់កាលនេះ បានអនុវត្តរួចរាល់ប្រកបដោយផ្លែផ្កា និងបានបង្ហាញឲ្យឃើញថា មានទីផ្សាបន្លែក្នុងស្រុក ដែលកសិករភាគច្រើនក្នុងក្រុមពាក់កណ្តាលអាជីព និងក្រុម ផលិតសម្រាប់បរិភោគរបស់គម្រោងទទួលបាននូវជំនាញ ទំនុកចិត្តលើខ្លួនឯង អាចបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ ដោយទទួលយកនូវការអនុវត្តបច្ចេកទេសផលិតកម្មដែលបានកែលម្អ និងលទ្ធភាពរកទីផ្សារសម្រាប់លក់កសិផល។

ជាមួយគ្នានេះ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង៨០% រស់នៅពឹងផ្អែកលើកសិកម្មជាចម្បង ហើយការតាំងពិព័រណ៍នៅពេលនេះមិនត្រឹមតែមានគោលបំណងបង្ហាញពីផលិតកម្ម និងបង្កើនការយល់ដឹងពីដំណាំ សាវប្បកម្ម រួមទាំងតម្រូវការរបស់អ្នកបរិភោគប្រភេទអាហារបន្លែ ផ្លែឈើ ដែលមានសុវត្ថិភាពប៉ុណ្ណោះទេ តែដើម្បីបង្កើន តំបន់ផលិតកម្ម រកឱកាសភ្ជាប់បណ្តាញទីផ្សារជាមួយពាណិជ្ជករ ដើម្បីចែករំលែកនូវចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកសិករផ្សេងៗទៀត អំពីបញ្ហាពាក់ព័ន្ធនឹងកសិកម្ម រួមទាំងបញ្ចូលនូវគុណតម្លៃនៃ ផលិតផលក្នុងសហគមន៍ និងជាការឲ្យឃើញថា ក្នុងខេត្តមានផលិតផលអ្វីខ្លះ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារមូលដ្ឋាន និងការនាំចេញទៅកាន់ទីផ្សារផ្សេងទៀត។

ឯកឧត្តមបញ្ជាក់ថា គម្រោង CHAIN នេះ ក៏បានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ បន្លែសុវត្ថិភាពក្នុងស្រុក រួមគ្នាកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ឬជីគីមីទៅលើបន្លែ ផ្លែឈើ ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋ ពីជំងឺដង្កាត់នានា តាមរយៈការលើកកម្ពស់អារហាររូបត្ថមគម្រោង CHAIN ហើយអាជ្ញាធរខេត្តនឹងបន្តខិតខំឲ្យអស់លទ្ធភាពបន្តទៀតដើម្បីលើកកម្ពស់វិស័យនេះឲ្យកាន់តែមានវិសាលភាពទូលំទូលាយ និងមាននិរន្តរភាព ក្នុងគោលដៅសម្រេចបាននូវឧត្តមភាពលើវិស័យ កសិកម្ម បង្កើនការ យល់ដឹងពីវិធីផ្សេងៗ ជំនាញវិជ្ជាជីវៈជាមូលដ្ឋាន កសិកម្មគ្រួសារ សហគមន៍ អាជីវកម្មខ្នាតតូច ធានាបាននូវ សុវត្ថិភាពចំណីអាហារ កាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីបរទេស ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករក្នុងខេត្តស្ទឹងត្រែងផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner