សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករជាង១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យសំណង់បានកើនឡើង ៧០០% គិតត្រឹមខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨។ ការកើនឡើងវិស័យសំណង់នេះ ក៏ជាហេតុនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី។
ទាក់ទងនឹងបញ្ហាអគ្គិសនី សម្តេច តេជោ មានប្រសាសន៍ថា ឯកឧត្តម កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជា នឹងហោះទៅតួកគី ដើម្បីជជែកគ្នាទិញភ្លើង ចំនួន២០០មេហ្គាវ៉ាត់។ សម្តេចបន្តថា ពេលទៅដល់តួកគី ជជែកគ្នា ត្រូវ ភ្លាម យើងនឹងដឹកភ្លើងតាមកប៉ាល់ពី តួកគី មកកម្ពុជា ភ្លាម ដើម្បីផ្គត់ផ្គង់នៅកម្ពុជាយើង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទោះបីមាន ការវិនិយោគបន្ថែមទៅលើការផលិតអគ្គិសនី តែតម្លៃភ្លើងគ្មានការឡើងថ្លៃនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសហរដ្ឋអាម៉េរិក កំពុងប្រឈមការដាច់អគ្គិសនី ហើយមានចោរចេញប្លន់ពេលដាច់អគ្គិសនី។ ដោយឡែកសម្រាប់នៅកម្ពុជា បញ្ហាអគ្គិសនីមិនទាន់កម្រិតនោះឡើយ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ចំពោះកម្មករ កម្មការិនី ដែលពន្យារពេលយ៉ាងយូរក្នុងការចុះជួបជាមួយកម្មករ កម្មការិនី តែសម្តេច ថា ការមកយឺតប្រសើរជាងមិនមក ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្វាគមន៍របស់កម្មករ កម្មការិនី ជាការស្វាគមន៍ដោយក្តីគោរពស្រឡាញ់ លើសពីភាពជាអ្នកដឹកនាំ និងប្រជាពលរដ្ឋ តែជាការគោរពរាប់អានប្រៀបដូចឪពុក ជីតា ជាមួយកូន និងចៅ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅពេលកម្មករ កម្មការិនី ត្រូវការសម្តេច គឺសម្តេចនឹងចេញមកជួយ តែបើកម្មករ កម្មការិនីលែងត្រូវការសម្តេច សម្តេចក៏មិនអាចចេញមកជួយនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានបញ្ជាក់ថា អត្រាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅក្នុងស្រុកក្រគរមានអត្រាខ្ពស់ជាងគេ ហើយអត្រាអ្នកទៅបោះឆ្នោតនាពេលខាងមុខ អាចនឹងមានអត្រាខ្ពស់ជាងមុនទៀត ។ សម្តេច ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងអត្រាជាង ៨៣% កន្លងទៅនេះ គឺជាការបោះឆ្នោតគាំទ្រដំណើរការប្រជាធិបតេយ្យ ជាពិសេស ការបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ជាការបោះឆ្នោតគាំទ្រនូវសុខសន្តិភាព ។ សម្តេច បញ្ជាក់ថា ក្រុមមេខ្មែរក្រហមដាក់ ចេញនយោបាយច្រេះស៊ីដែក តែចុងក្រោយត្រូវចាញ់នយោបាយឈ្នះឈ្នះរបស់សម្តេច ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់មានគណបក្សនយោបាយណាអាចគ្រប់ គ្រងស្ថានការនៅកម្ពុជា បាននៅឡើយនោះទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា ។
ជាមួយនឹងការលើកឡើងពីក្រុមអតីតបក្សប្រឆាំង បានចោទអ្នកដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានការទិញទឹកចិត្តពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចបានថ្លែងបញ្ជាក់ថា គ្មានការទិញ អ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញទេ អ្នកទាំងនោះ មិនមែនជាសត្វធាតុឡើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានអ្នកនិយាយពី ម៉ង់តេអាល់ ថា អ្នកសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ចំនួន៥នាក់ គឺសម្តេចទិញក្នុងតម្លៃ១០ទៅ ២០ម៉ឺនដុល្លារអាម៉េរិក។ បញ្ហានេះ សម្តេចតេជោ បានផ្តាំទៅក្រុមមេដឹកនាំអតីតបក្សសង្គ្រោះជាតិ កុំមើលស្រាលអតីតសហការីរបស់ខ្លួន ហើយសូមកុំចាត់ទុកអ្នកទាំងនោះ ជាសត្វធាតុ ជាទំនិញ ដើម្បីលក់ដូរឱ្យសោះ ពួកគេទាំងអស់ គឺ មានសិទ្ធិសេរីភាព ពេញលេញ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ”។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងថា ភាពជឿនលឿនរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ទោះពួកគេធ្វើអ្វី ក៏គេដឹងដែរ។ សម្តេចតេជោ បានថ្លែងថា ប្រទេសមួយ មានការរីកលូតលាស់ទៅបាន គឺប្រជាពលរដ្ឋមានចំណេះដឹង ចំណេះធ្វើ និងមានការងារធ្វើ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិសរក្សានូវសុខសន្តិភាពរបស់កម្ពុជា។ សម្តេចបានថ្លែងប្រាប់កម្មករ កម្មការិនីនៅស្រុកក្រគរថា បើមានបញ្ហាអ្វីប្រញាប់ប្រាប់ទៅអភិបាលខេត្ត និងប្រាប់លោក កែវ រតនៈ ព្រមទាំងអភិបាលស្រុកទៅ ដើម្បីឱ្យថ្នាំក់ដឹកនាំ និងអាជ្ញាធរជួយដោះស្រាយជូន ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃស្អែកនេះ មកពីស្រុកក្រគរចំនួន៣ ស្រុកបាកាន់ចំនួន១ និងក្រុងពោធិ៍សាត់ចំនួន១។ រោងចក្រ សហគ្រាសទាំង៦នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួនពីរ។ រោងចក្រ សហគ្រាសទាំង៦ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ ផ្គត់ផ្គង់អគ្គិសនីចំនួន២ ផលិតត្រង់ស្វូអគ្គិសនីចំនួន១ និងចិញ្ចឹមសត្វចំនួន១។ លោករដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ខេត្តពោធិ៍សាត់ គឺជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងនេសាទ ហើយខេត្តនេះក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ និងជាតំបន់តស៊ូរបស់ខ្មែរក្រហមផងដែរ។ ការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យខេត្តពោធិ៍សាត់ និងទឹកដីកម្ពុជាទាំងទទួលបានសុខសន្តិភាពពេញលេញ។ សុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យខេត្តពោធិ៍សាត់បានពង្រីកការអភិវឌ្ឍរបស់ខ្លួនផងដែរ។
តាមរយៈគោលនយោបាយពង្រាយរោងចក្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យវត្តមានរោងចក្រ សហគ្រាសជាច្រើនរំលេចវត្តមាននៅលើទឹកដីខេត្តពោធិ៍សាត់។ បច្ចុប្បន្នខេត្តពោធិ៍សាត់ បានក្លាយជាខេត្តមានការទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម វារីអគ្គិសនី។ល។ និងមានសហគ្រាស គ្រឹះស្ថានការងារចំនួន១០៧ មានកម្មករ និយោជិតចំនួន ១១,៤០៧នាក់ ដោយទទួលបានប្រាក់ឈ្នួលសរុប ៣៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានចាត់ទុកសមិទ្ធផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៦៦លើក ដែលមានអ្នកចូលរួមសរុប ៩៤២,២៦៧នាក់។
តាមរយៈបេសកម្មចុះជួបកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត និងបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់កម្មករ និយោជិត និងលើកកម្ពស់ជីវភាពរបស់ពួកគេ៕ធ.ដ